វេទិកាធុរកិច្ចកម្ពុជា-ចិនជាច្រកថ្មីមួយទៀតជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ផ្តើមចេញពីការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ រវាង រដ្ឋាភិបាលនិងប្រជាជន នៃប្រទេសទាំងពីកម្ពុជា-ចិន យន្តការជាច្រើនត្រូវបានបង្កើតឡើង សម្រាប់តភ្ជាប់នៃទំនាក់ទំនងឱ្យកាន់តែស្អិតរមួត និងរីកចំរើនឥតឈប់ឈរទាំង ផ្នែកការទូត ក៏ដូចជាជម្រុញ លើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ កាន់តែរីកធំធាត់ រឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ។

តាមរយៈកិច្ចសហប្រតិបត្តិការខាងលើ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នេះ នៅសណ្ឋាគារសុខាភ្នំពេញ កម្ពុជា-ចិន ក៏បានរួមគ្នាបើកច្រកថ្មីមួយទៀតបន្ថែម ពីលើយន្តការដែលមាន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នោះគឺ វេទិកាធុរកិច្ច កម្ពុជា-ចិន (ក្វាងទុង) ដោយមានការចូលរួមពី លោក សំ សីរីរតន៍ រដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ZHENG Jianrong អគ្គនាយក នៃមន្ទីរពាណិជ្ជកម្ម ខេត្តក្វាងទុង លោក សួន សុផល ប្រធាននាយកដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មផ្សេងៗនៅកម្ពុជា គណៈប្រតិភូ និងធុរជននៅខេត្តក្វាងទុង ជាច្រើនរយនាក់។

លោក ZHENG Jianrong បានអះអាងថា ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ ដែលត្រូវបានផ្តួចផ្តើមគំនិត ដោយ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ក្នុងការកែទម្រង់ស៊ីជម្រៅ លើអភិបាលកិច្ចប្រទេសចិន និងក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមិនត្រឹមដើរតួនាទីជាគន្លឹះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មចិនប៉ុណ្ណោះទេ តែក៏ជាការគិតគូរវែងឆ្ងាយសំដៅលើកកម្ពស់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគនិងហិរញ្ញវត្ថុ ព្រមទាំងរវាងប្រជាជន និងប្រជាជនក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោកផងដែរ ដែលនឹងបង្កើតបាននូវ “ក្បាលម៉ាស៊ីនថ្មីមួយក្នុងការអូសទាញកំណើនសេដ្ឋកិច្ចពិភពលោកថែមទៀត។

នៅក្នុងបរិការណ៍នៃការជំរុញអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន លើគ្រប់វិស័យ ក៏ត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែធំធាត់ និងរឹងមាំថែមទៀតជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញជាបន្តនូវការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជាការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលចិន ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ច រវាប្រទេសទាំងពីរ ឱ្យមានប្រៀបលើការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ជីថល៤.០។

ជាមួយគ្នានោះ លោក សំ សីរីរតន៍ បានបង្ហាញឱ្យដឹងថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនកាន់តែរីកចម្រើន ដោយទំហំពាណិជ្ជកម្មទ្វេភាគី សរុបបានបន្តកើនឡើង ជាបន្តបន្ទាប់ ក្នុងនោះនៅឆ្នាំ២០១៨ សម្រេចបាន ៦,៤៥៧ លានដុល្លារ កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០១៧ ត្រឹមតែ ៥,៥៧៧ លានដុល្លារ និងបើធៀបទៅ ៤ឆ្នាំមុន គឺកាលពីឆ្នាំ២០១៥ ត្រឹមតែ ៤,៣៣៣ លានដុល្លារ កើឡើង ៤៩%។

លោករដ្ឋមលេខាធិការបញ្ជាក់ថា កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន លើវិស័យនានាទាក់ទងនិងពាណិជ្ជកម្មជាច្រើនមានដូចជា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងធំៗមួយចំនួននៃប្រទេសចិន ការចុះហត្ថលេខាលើលិខិតប្ដូរសារ ដែលបានផ្តល់ឱ្យកម្ពុជា នូវប្រព្រឹត្តិកម្មមិនជាប់ពន្ធគយដែលគ្របដណ្តប់លើ ៩៧% នៃបន្ទាត់ពន្ធគយសរុប ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី ពាណិជ្ជកម្មអេឡិចត្រូនិច និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការលើកកម្ពស់គុណភាពជាដើម។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យពាណិជ្ជកម្ម បានសម្រេចនូវលទ្ធផលដ៏ល្អគួរជាទីពេញចិត្ត ដែលលទ្ធផលសម្រេចបានរួមមាន៖ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា, ចុះហត្ថុលេខាលើពិធីសារ ស្តីពី ការនាំចេញអង្ករ ដំឡូងមី ពោត និងផ្លែចេកកម្ពុជាទៅកាន់ប្រទេសចិន និងត្រៀមចុះហត្ថលេខាលើផលិតផលកសិកម្មជាច្រើនទៀត មានដូចជា ផ្លែស្វាយ មៀន ម្នាស់ ធុរ៉េន ស្រកានាគ ម្រេច សំបុកទឹកមាត់ត្រចៀកកាំ ដូង និងផលិតផលដទៃទៀត៕