មួយឆ្នាំពលរដ្ឋកម្ពុជាបង្កើតសំរាមជិត ៤លានតោន ក្នុងនោះ២០%ជាសំណល់ប្លាស្ទិក

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានផលិត និងផ្សព្វផ្សាយស្ពតវីដេអូអប់រំបរិស្ថាន ក្នុងគោលបំណងបង្កើនចំណេះដឹង និងចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋទាក់ទងនឹងការប្រើប្រាស់ថង់ប្លាស្ទិក បង្កើនប្រសិទ្ធភាពលើការកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានានូវកិច្ចគាំពារសុខភាពសាធារណៈបរិស្ថាន និងសោភ័ណភាព។ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ក្នុងមួយឆ្នាំ ពលរដ្ឋកម្ពុជាបង្កើតសំរាម ជិត៤លានតោន ក្នុងនោះ២០%ជាសំណល់ថង់ប្លាស្ទិក។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានជាង១ម៉ឺនតោនក្នុងមួយថ្ងៃៗ ដែលពលរដ្ឋរស់នៅក្នុងរាជធានីនិងក្រុងធំៗត្រូវបានប៉ានប្រមាណថាបានបង្កើតសំរាម១គីឡូក្រាមក្នុងមួយថ្ងៃ គ្រាដែលបងប្អូនប្រជាពលរដ្ឋរស់នៅតាមជនបទបង្កើតសំរាមប្រមាណកន្លះគីឡូក្នុងមួយថ្ងៃ។

សរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ២០%ជាសំណល់ថង់ប្លាស្ទិក។ ខេត្ត-រាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន រាជធានីភ្នំពេញប្រមាណជាង៣០០០ តោនក្នុងមួយ ថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាមជិត ៤០០ តោនក្នុងមួយថ្ងៃ។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ចចូលរួមចំណែក ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមតែអាចធ្វើទៅបាន តាមរយៈការនាំយកថង់ប្លាស្ទិក មកប្រើប្រាស់ឡើងវិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក។ ម្ចាស់អាជីវកម្ម និងម្ចាស់សេវាកម្មនានាដែលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជន ហើយស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកត្រូវបានទទួលការលើកទឹកចិត្ត។

សូមជម្រាបដែរថា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដោយបានកំណត់ពីវិធានការគិតតម្លៃបន្ថែម លើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជន។ ថង់ប្លាស្ទិក ត្រូវបានគេចាត់ទុកថាជាការបំពុលបរិស្ថានធ្ងន់ធ្ងរ ហើយវាត្រូវការពេលវេលាជាច្រើនរយឆ្នាំ ដើម្បីធ្វើការបំបែក មានន័យថាសំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយឬរលួយបានដោយងាយទេ៕