សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបសវនាការជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋ ស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ នឹងលោកបណ្ឌិត មហាធា មហាម៉ាត់ (Dr. Mahathir Mohamad) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតដឹកនាំ គណៈប្រតិភូមកបំពេញទស្សនកិច្ច នៅកម្ពុជា។

ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ដ៏កក់ក្តៅ ចំពោះលោកនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ ដោយសេចក្តីស្រឡាញ់រាប់ អានដ៏ជ្រាលជ្រៅបំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមនាយករដ្ឋមន្រ្តី និងលោកជំទាវ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ បានថ្លែងអំណរគុណ ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃ ទទួលជួបសវនាការជាមួយនឹងគណៈប្រតិភូនាពេលនេះ។ ឯកឧត្តម នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា និងវិបុលភាពរបស់ប្រទេសកម្ពជា ជាពិសេស ប្រទេសម៉ាឡេស៊ី មានសេចក្តីសោមនស្សរីករាយដែលមានទំនាក់ទំនងល្អប្រពៃជាមួយប្រទេសកម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនាពេលនេះ អាចត្រួសត្រាយផ្លូវ ដើម្បីឱ្យប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី រួមគ្នាធ្វើការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដើម្បីវិបុលភាពនៃប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា តាមរយៈដំណើរទស្សនកិច្ចនេះ មានការចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀង ស្តីពី ការជៀសវៀងយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចវេសពន្ធលើប្រាក់ចំណូល រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលម៉ាឡេស៊ី។
ក្រៅពីនេះក៏នឹងមានអនុស្សរណយោគយល់គ្នាជាច្រើនទៀត ដែលកំពុងរៀងចំនិងត្រៀមចុះហត្ថលេខានាពេលខាងមុខ។ តាមរយៈនៃការចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នានេះ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តការនៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ជាពិសេសការវិនិយោគ ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ចំពោះវិស័យទេសចរណ៍ត្រូវបាន ឯកឧត្តម នាយករដ្ឋមន្រ្តី ចាត់ទុកថា ជាវិស័យអាទិភាព ដែលប្រទេសទាំងពីរ អាចទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏ល្អ រវាងប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទំាងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ ទំនាក់ទំនងដ៏ល្អនេះ បានចាប់ផ្តើមស្ថាបនាឡើង រវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំម៉ាឡេស៊ីជំនាន់មុន។

ប្រមុខរដ្ឋាភិបាល និងមន្រ្តីថ្នាក់ដឹកនាំ ជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ហើយទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ដែលបានរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក និងមានកិច្ចសហប្រតិបត្តិការល្អ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ជាពិសេស ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានជួយអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលវែង និងខ្លីជាច្រើននាក់ដល់មន្រ្តី និងនិស្សិត កម្ពុជា បានទៅសិក្សានៅប្រទេសម៉ាឡេស៊ី៕