ភ្នំពេញ ៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បាននិងកំពុងប្រមូលរបាយការណ៍ ទិន្នន័យ និងព័តមាន ពីពីអ្នកពាក់ព័ន្ធ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាផ្ទៃក្នុង និងរកយន្តការ កុងសង់ស៊ីសមួយ ដែលឈានទៅជជែកគ្នា លើកប្រាក់ឈ្នួលអប្បបរមា កម្មករ សម្រាប់ឆ្នាំ២០១០ ចាប់ពីថ្ងៃសុក្រចុងសប្តាហ៍នេះ។
ប្រាប់ដល់ក្រុមអ្នកសារព័តមាន ក្រោយកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះបានប្តូរជារូបភាពពីត្រីភាគី ទៅជាកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៦ខែកញ្ញាខាងមុខ ដែលគ្រប់ភាគី នឹងមកជួបប្រជុំគ្នា ដើម្បីពិភាក្សាស្វែងរកយន្តការមួយគ្រប់ភាគីអាចទទួលយកបាន។
លោកបញ្ជាក់ទៀតថា ឆ្លងតាមរយៈកិច្ចប្រជុំក្រុម ពេញមួយព្រឹកនេះ បើទោះជាភាគីសហជីព និងនិយោជក មិនទាន់បានបង្ហាញតួរលេខណាមួយក៏ដោយ ប៉ុន្តែគ្រប់ភាគី ហាក់ដូចជាបានដឹងអំពីនិន្នាការក្នុងតំបន់ ក៏ដូចជាលក្ខណៈវិនិច្ឆ័យមួយចំនួន នៅពេលនេះក៏កំពុងតែស្ទាបស្ទង់ដើម្បីរកចំណុចឯកភាពផ្ទៃក្នុងជាមុនសិនសម្រាប់បង្ហាញទៅភាគីម្ខាងទៀត។ ដូច្នេះហើយបានជា គណៈកម្មការសម្រេចទុកលទ្ធភាព ឬពេលវេលាឲ្យភាគីនីមួយៗសម្រេចផ្ទៃក្នុងតាមរយៈការពិភាក្សាគ្នាឲ្យបានយល់ជាមុន ធ្វើយ៉ាងណាឲ្យភាគីម្ខាងទៀតអាចទទួលយកបាន។
លោក ហេង សួរ បានអះអាងថា កិច្ចប្រជុំថ្ងៃនេះភាគីទាំងពីរមានការឆ្លើយឆ្លងគ្នាជាវិជ្ជមាន ដោយផ្តោតទៅលើតួលេខនិងផលប៉ះពាល់នៃការប្រែប្រួលលក្ខណៈវិនិច្ឆ័យនីមួយៗ ច្រើនជាងឆ្លងឆ្លើយ រវាងភាគីកម្មករនិយោជិត ទៅនិយោជក។ យ៉ាងណាក្តី រដ្ឋាភិបាលព្យាយាមសម្របសម្រួលធ្វើយ៉ាងណាឲ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតអាចទទួលយកបាន ឆ្លើយតបទៅនឹងបរិបទនៃការវិវឌ្ឍន៍របស់សេដ្ឋកិច្ច ក៏ដូចជាការប្រកួតប្រជែងនៅក្នុងទីផ្សារដ៏សំខាន់មួយនេះ។
ចំណែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញពីការមើលឃើញថា កិច្ចប្រជុំថ្ងៃនេះ មិនមានអ្វីថ្មីទេ ដែលនិយាយពីគោលការណ៍ និងបច្ចេកទេស ប៉ុន្តែចំណុចដែលលោកចាប់អារម្មណ៍ គឺមានក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដែលចំណុះឲ្យគណៈកម្មការការងារដែលជាយន្តការមួយធ្លាប់បានប្រើកាលពីពេលកន្លងទៅ។
លោកបញ្ជាក់ថា ទាក់ទិនការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ត្រូវមើលពីទិដ្ឋភាពជាក់ស្តែងរបស់សេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវប្រកួតប្រជែង ជាមួយប្រទេសក្នុងតំបន់ បើទោះថា ការតម្លើងនេះតែលើវិស័យកាត់ដេរ និងស្បែកជើង តែវាអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចប្រទេសទាំងមូលតែម្តង ជាពិសេស វិស័យសហគ្រាសធុនតូចនិងមធ្យម (SME) ក៏ដូចជាផលិតកម្មផ្សេងៗទៀតដែលផលិតកម្តៅលើការនាំចេញទៅកាន់ទីផ្សារដែលមានភាពអនុគ្រោះដូចជានៅប្រទេសប៉ែកអឺរ៉ុប ក៏អាចជួបបញ្ហាធ្ងន់ធ្ងរដែរ ទាមទារឲ្យមានការគិតគូរអំពីសេដ្ឋកិច្ចជារួម។ លោកក៏បានបញ្ជាក់ផងដែរថា តាមតួរលេខឆ្នាំ២០១៩ រយៈពេល៦ខែកន្លងទៅនេះ វិស័យកាត់ដេរមានការធ្លាក់ចុះ០.៥% ប៉ុន្តែការផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនៅតែមានកំណើនគួរឲ្យកត់សម្គាល់។
ដោយឡែក សម្រាប់ការបញ្ជាទិញ ក៏មានការព្យាករណ៍ថានឹងមានការប្រែប្រួលតិចតួចដោយសារការកើនឡើងប្រាក់ឈ្នួលក្នុងអំឡុងពេល ២ទៅ៣ឆ្នាំចុងក្រោយនេះ មានលក្ខណៈគំហុគបន្តិចធ្វើឲ្យកម្ពុជាបាត់ភាពប្រកួតប្រជែង នឹងមួយទៀតក៏មកពីការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុប ធ្វើឲ្យអ្នកបញ្ជាទិញមួយចំនួនហាក់ប្រើយុទ្ធសាស្រ្តរងចាំ ដែលធ្វើឲ្យមានការប៉ះពាល់៕