ពលរដ្ឋ​ក្រីក្រ៥០គ្រួសារនៅតំបន់ស្ពានឆេះ ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ ទទួលបានដីសម្បទានសង្គមកិច្ច

ខេត្តព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជួបសំណេះសំណាល និងធ្វើការចាប់ឆ្នោតបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋតំបន់ស្ពានឆេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចំនួន ៥០គ្រួសារ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩ ។

លោកអភិបាលរងខេត្តបានបន្តថា ការចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច ដែលរដ្ឋបាលខេត្ត បានបែងចែកដី ជូនប្រជាពលរដ្ឋខ្វះខាតដីពិតប្រាកដ ព្រោះការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ យើងត្រូវមានឯកសារគ្រប់គ្រាន់ភ្ជាប់មកជាមួយ ។ ក្រោយទទួលបានដីនេះ រដ្ឋបាលខេត្តនឹងរៀបចំប្រព័ន្ធលូ ផ្លូវ ទឹក ភ្លើងជូនប្រជាពលរដ្ឋ។ នេះជាការខិតខំប្រឹងប្រែង របស់អភិបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបែងចែកដីជូនបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយស្របច្បាប់ ដោយមិនមានការភ័យខ្លាច និងការបណ្តេញចេញ ។

លោក ម៉ាង ស៊ីណេត បន្តថា រដ្ឋបាលខេត្ត បាននឹងកំពុងយកគ្រឿងចក្រ ឈូសឆាយដីឱ្យរាបស្មើ ដើម្បីបែងចែក ជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតដីពិតប្រាក ដើម្បីមានដីសាងសង់ផ្ទះស្នាក់នៅសមរម្យ ។

លោកក៏បានសំណូមពរប្រជាពលរដ្ឋដែលទទួលបានដីសង្គមកិច្ចនាពេលនេះ មិនត្រូវយកទៅលក់ដូរនោះទេ មិនត្រូវចាប់ដីបង្កឱ្យប៉ះពាល់ដល់ដីរក្សាការពារ តំបន់ក្បាលឆាយ ដែលជាតំបន់អភិរក្សទឹកសាប ដែលរដ្ឋាភិបាលបានកាត់ឆ្វៀលដីចេញ ចែកជូនបងប្អូនប្រជាពលរដ្ឋ និងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ប្រសិនបើយើងបោះសំរាមចោល ពាសវាល នៅពេលភ្លៀងមក ទឹកនឹងហូរចូលក្នុងអាងធ្វើឱ្យប៉ះពាល់បរិស្ថាន ត្រូវធ្វើជាពលរដ្ឋគំរូ ចូលរួមថែទាំ សោភ័ណ ភាព បរិស្ថានល្អ ។

លោកបានបន្តថា រដ្ឋបាលខេត្ត ជួយ សម្រួលក្នុងការដឹកជញ្ជូនទៅកាន់សង្កាត់ លេខ១ ដែលមានសាលារៀនសម្រាប់កូនចៅរៀនសូត្រ នេះជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចុះបញ្ជីបច្ចុប្បន្នភាពនៅភូមិ១ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា ដីដែលរដ្ឋបាលខេត្ត ធ្វើ ការចាប់ឆ្នោតបែងចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតដីនាពេលនេះមានចំនួន៥០គ្រួសារ តំបន់ស្ពានឆេះ មកពីសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ក្នុងមួយគ្រួសារទទួលបានដី ៥ x ២០ម៉ែត្រ ៕ ដោយ ៖ មនោឫទ្ធិ