ខេត្តព្រះសីហនុ ៖ ស្ថានភាពអាកាសធាតុនៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺភ្លៀង ខ្យល់បោកបក់ និងរលកសមុទ្រកំពុងបោកបកមកខ្លាំង នៅលើលម្ហសមុទ្រ។ផ្តើមពីបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមផ្លូវសមុទ្រទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពធាតុអាកាសភ្លៀង ខ្យល់ដូច ដែលក្រសួងធនធានទឹកនិងឧតុនិយម ជូនដំណឹងអំពីឥទ្ធិពលព្យុះទី១៤ ឈ្មោះ Kajiki ចាប់ពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពជំនាញឃ្លាំមើលជាប្រចាំ នៅតាមឆ្នេរសមុទ្រ ឲ្យប្រចាំការត្រួតពិនិត្យសុវត្ថិភាព ទូកទេសចរណ៍ឱ្យបានត្រឹមត្រូវ មុនចេញដំណើរតាមសមុទ្រ។
លោក គួច ចំរើន បន្តថា ក្នុងករណីចាំបាច់មានភ្លៀង ខ្យល់ និងរលកខ្លាំង កុំឲ្យមានអ្នកចុះលេងទឹកសមុទ្រ និងកុំឲ្យយទូកនេសាទឬទូកដឹកភ្ញៀវទេសចរចេញទៅក្នុងលម្ហសមុទ្រ ដើម្បីការពារហានិភ័យផ្សេងៗ ព្រមទាំងត្រៀមមធ្យោបាយផ្លូវទឹក និង កម្លាំងល្បាតសម្រាប់ការជួយសង្គ្រោះពលរដ្ឋ នៅពេលជួបគ្រោះណាមួយ នៅលើលម្ហសមុទ្រកើតឡើង។
គួររំលឹកថា វ្រទេសកម្ពុជា បានរងឥទ្ធិពល ពីព្យុះចំនួន២ ព្រមជាមួយ សម្ពាធទាប និង ខ្យល់មូសុង ធ្វើ ឲ្យ មាន ភ្លៀងធ្លាក់គ្របដណ្តប់ពេញផ្ទៃប្រទេស។
យោង តាម សេចក្តីជូនដំណឹង របស់ ក្រសួង ធនធានទឹក និង ឧតុនិយម ចេញផ្សាយ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បាន ឲ្យដឹងថា បច្ចុប្បន្ន នេះ ប្រទេស កម្ពុជា កំពុង តែ រងនូវឥទ្ធិពល ពីជ្រលង សម្ពាធទាប ព្រមទាំងព្យុះ ចំនួន២ ដែល កំពុង កើត ឡើង នៅខាងកើតប្រទេស ហ្វីលីពីន និង សមុទ្រ ចិន ខាង ត្បូង ដែល វា នឹង ធ្វើ ឲ្យ ប្រទេស កម្ពុជា មាន ភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស។
ក្រសួង ថា ស្ថានភាព បែបនេះ នឹង ធ្វើ ឲ្យ បណ្តា ខេត្ត នៅ ភាគ ពាយ័ព្យ ខេត្ត ជាប់ ជួរ ភ្នំដងរ៉ែក និង ខ្ពង់រាប ឦសាន ជាប់ ប្រទេស វៀតណាម បន្ត មាន ភ្លៀងធ្លាក់ ក្នុង កម្រិត បរិមាណ ពីមធ្យម ទៅច្រើន ក្នុងនោះមានផ្នែកខ្លះ អាច មាន ភ្លៀងធ្លាក់ខ្លាំង។
សម្រាប់ បណ្តា ខេត្ត នៅ តំបន់ មាត់ សមុទ្រ នៅ ក្នុង ភូមិ សាស្រ្ត ខេត្តកោះកុង និង ខេត្ត ព្រះសីហនុ បន្ត មាន ភ្លៀងនៅក្នុង កម្រិត បរិមាណ ពីបង្គួរ ទៅច្រើន ហើយ នៅ លើ ផ្ទៃ សមុទ្រ អាច នឹង មាន ភ្លៀងខ្យល់ និង រលក បក់បោក ខ្លាំង។
ដោយ ឡែក បណ្តា ខេត្ត ប៉ែក ខាង ក្រោម អាច នឹង មាន ភ្លៀងពី តិច ទៅមធ្យម។
ជាមួយស្ថានភាព បែបនេះ ក្រសួង ធនធានទឹក និង ឧតុនិយម បានស្នើ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូម បង្កើន ការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះ បាតុភូត ទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង រលក សមុទ្រ បោកបង់ខ្លាំង៕ ដោយ មនោរាហ៍