ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ កម្មករ កម្មការិនី និយោជិតទាំងអស់ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដោយមានប្រាក់ឈ្នួល ។ ជាមួយគ្នានេះ អាជ្ញាធររាជធានី ក៏បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន១២០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តក្រុងនានា ដោយឥតគិតថ្លៃផងដែរ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើជូនដំណឹងដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ ត្រូវបង្កលក្ខខណៈងាយស្រួលដល់បងប្អូនកម្មករ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ដោយ៖
ទី១. ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈាប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះក្នុងអំឡុងពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៧-២៨-២៩ និងថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៩។
២. ខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតលើកទី២ ឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករនិយោជិតទទួលប្រាក់បុរេប្រទានយ៉ាងតិច ៥០% មុនពេលបុណ្យភ្ជុំបិណ្ឌ៕