ភ្នំពេញ ៖ យោងតាមរបាយការណ៍សិក្សា ថង់ផ្លាស្ទិកចំនួនជាង ១០លានថង់ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅរាជធានីភ្នំពេញ។ ថង់ប្លាស្ទិកងាយស្រួលសម្រាប់ការវេចខ្ចប់ ប៉ុន្តែភាគច្រើនប្រើវាតែម្តងរួចក៏បោះចោល។
ហេតុអ្វីត្រូវខ្វាយខ្វល់ ?
សំណល់ផ្លាស្ទិកប្រើរយៈពេលជាច្រើនរយឆ្នាំ ខ្លះជាង ១០០០ឆ្នាំ ដើម្បីរលាយ។ សារធាតុគីមីនៃប្លាស្ទិកត្រូវបានបំបែកជាកម្ទេចធាតុល្អិតៗដែលនៅលាយឡំជាមួយទឹក។កម្ទេចល្អិតៗនៃប្លាស្ទិកអាចមាននៅក្នុងសារពាង្គកាយមនុស្សយើងតាមរយៈការបរិភោគទឹក ឬតាមរយៈការបរិភោគត្រីដែលមានផ្ទុកកម្ទេចល្អិតៗទាំងនោះ។
ឬអ្នកគិតថាការដុតប្លាស្ទិកជាជម្រើសល្អ? ពិតជាមិនល្អឡើយប្រសិនបើមិនបានដុតតាមបច្ចេកទេសត្រឹមត្រូវ។ផ្សែងដែលកើតចេញពីចំហេះប្លាស្ទិកមានផ្ទុកសារធាតុPM2.5ដែលបង្កឱ្យកើតជំងឺផ្លូវដង្ហើម និងជំងឺមហារីក។ សារធាតុPM2.5 អណ្តែតនៅក្នុងបរិយាកាសហើយអាចចូលជ្រៅទៅក្នុងសួតរបស់យើងតាមរយៈការដកដង្ហើម។
តើអ្វីទៅជាមធ្យោបាយដែលល្អប្រសើរ?
កុំប្រើផ្លាស្ទិក បើពុំចាំបាច់!
យើងអាចប្រើប្រាស់កន្រ្តកឬអេកូបេកជំនួសការប្រើថង់ផ្ទាស្ទិកដើម្បីវេចខ្ចប់។ ជ្រើសរើសការប្រើថង់ប្លាស្ទិកដែលផលិតពីវត្ថុធតុដើមធម្មជាតិដែលងាយនឹងរលាយ មិនប៉ះពាល់បរិស្ថាន។ ប្រើប្រាស់ចានស្រាក់ជំនួសឱ្យចានស្នោរឬប្រអប់ស្នោរ
មានដបទឹកផ្ទាល់ខ្លួនដែលអាចប្រើប្រាស់បានយូរ
គួរប្រើប្រាស់ឱ្យអស់លទ្ធភាពមុននឹងបោះវាចោល។ ធ្វើជាគ្រឿងលំអរក្នុងផ្ទះ ក្នុងសួនច្បារ ឬធ្វើជារបស់ប្រើប្រាស់ផ្សេងៗ។ កម្ពុជាបានដាក់ចុះនូវវិធានការច្បាប់មួយចំនួនដើម្បីគ្រប់គ្រងនិងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យមានប្រសិទ្ធភាព
សូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក!