កម្ពុជាកម្ទេចគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចម្រុះប្រភេទដែលខូចគុណភាព២៥០តោន

ខេត្តកំពង់ស្ពឺ ៖ ពិធីកម្ទេចគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទចម្រុះដែលខូចគុណភាពចំនួន ២៥០តោន បានចាប់ផ្តើមឡើងនៅថ្ងៃទី ១០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំនេះ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីបញ្ចៀសពីហានិភ័យដែលអាចកើតមានជាយថាហេតុដល់ប្រជាពលរដ្ឋ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូន កងកម្លាងចូលរួមបេសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ថា កងកម្លាំងមួកខៀវកម្ពុជា បច្ចុប្បន្ននេះ បានប្រ ឈមនឹងគ្រោះថ្នាក់ ពេលទៅបំពេញបេសកកម្មមនុស្សធម៌ក្រៅប្រទេស ជាមួយអង្គការសហប្រជាជាតិ។

ការលើកឡើងរបស់ ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅក្រោយពីពិធីដុតកម្ទេចគ្រាប់ខូចគុណភាព ២៥០តោន នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ស្ថិតក្នុងភូមិក្អែកពង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាមដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបាន ឲ្យដឹងថា ពិធីកម្ទេចគ្រាប់ខូចគុណភាពនេះគឺធ្វើឡើងនៅទីតាំងសាលា ហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសដោយមានការអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិចូលរួមផងដែរ។

បើតាមសេចក្តីប្រកាសដដែលបានបញ្ជាក់ថា៖ «គ្រាប់ខូចគុណភាពចំនួន ២៥០ តោនក្នុងនោះមួយចំនួនជាប្រភេទគ្រាប់ WP នៅពេលត្រូវកម្ដៅថ្ងៃខ្លាំងបង្កឲ្យហុយឆេះ និងប្រភេទគ្រាប់ RPG7 មានស្ថានភាពពុកផុយងាយនឹងផ្ទុះ អាចប្រឈមនឹងហានិភ័យខ្ពស់ ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជន និងទប់ស្កាត់បានទាន់ពេលវេលារាល់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ មជ្ឈមណ្ឌលជាតិនឹងរៀបចំពិធីកម្ទេចគ្រាប់ខូចគុណភាពទាំងអស់នេះចោល ចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៩»។

ទាក់ទងនឹងការរៀបចំកម្ទេចគ្រាប់នេះ មជ្ឈមណ្ឌលជាតិក៏បានជូនដំណឹងដល់អាជ្ញាធរដែនដីក៏ដូចពលរដ្ឋដែល កំពុងរស់នៅក្នុង និងជុំវិញបរិវេណ (អាសេអូ) ក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កុំឲ្យមានការភ្ញាក់ផ្អើលផងដែរ៕