បង្ក្រាបល្បែងស៊ីសងតាមអនឡាញក្នុងសកលវិទ្យាល័យ Excelpolitan University ចាប់ជនជាតិចិន១០៥នាក់

ភ្នំពេញ ៖ សកលវិទ្យាល័យ Excelpolitan University ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃបានធ្វើការឡោមព័ទ្ធនិងឆែកឆេរបង្ក្រាបល្បែងស៊ីសងតាម Online ខុសច្បាប់ ដោយឃាត់ខ្លួនជនជាតិចិន ចំនួន១០៥នាក់ ក្នុងនោះមានស្រីចំនួន ១០នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាក្បាលព្រលប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្នុងទីតាំងសាកលវិទ្យាល័យ Excelpolitan Universityអគារកម្ពស់៩ជាន់ នៅតាមបណ្តោយផ្លូវណតប្រ៊ិតចំណុចស្ពានអាកាសផ្សារដីហុយក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមព័ត៌មានអោយដឹងថានៅវេលា ម៉ោងប្រមាណ៦យប់ នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃបានធ្វើការឡោមព័ទ្ធនិងឆែកឆេរបង្ក្រាបល្បែងស៊ីសង Online ខុសច្បាប់ ដោយបើកលេងនៅក្នុងសាលាតែម្តង។ប្រតិបត្តិការ រហូតដល់ម៉ោងប្រមាណ១០យប់ ។

តាមព័ត៌មានជនជាតិចិន ១០៥នាក់ ក្នុងនោះមានស្រីចំនួន ១០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងដកហូត ម៉ាស៊ីនកុំព្យទ័រលើតុ (DeskTop) ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន៨០គ្រឿង។
ជនជាតិចិនរួមទាំងវត្ថុតាង ត្រូវបាននគរបាលបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់៕