ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយថ្កោលទោសលោក សម រង្ស៉ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់បណ្តឹងជាច្រើន ដោយសារពោលពាក្យប្រមាថដល់អង្គព្រះមហាក្សត្រកម្ពុជា។ ប្រតិកម្មរបស់ព្រះបរមរាជវាំង បានធ្វើឡើងបន្ទាប់ពីលោក សម រង្សី បានថ្លែងតាមកិច្ចសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ក្នុងសេចក្តីថ្លែងការណ៍របសក្រសួងព្រះបរមរាជវាំងកម្ពុជា បានសរសេរថា សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ កំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ព្រះបរមរាជវាំង បានធ្វើឡើងនៅបន្ទាប់ពីលោក សម រង្ស៊ី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា កន្លងទៅ ឆ្លើយតបទៅកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ជុំវិញតួនាទីរបស់តួអង្គព្រះមហាក្សត្រខ្មែរក្នុងការសម្របសម្រួលនយោបាយកម្ពុជា ដោយលោក សម រង្ស៊ី លើកឡើងថា មិនមានអ្នកណាអាចប្រៀបធៀបទៅនឹងសម្តេចព្រះនរោត្តម សីហនុ បានទេ។ ក្រៅពីនេះ លោក សម រង្ស៊ី ក៏បានហៅព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន ថាជាអាយ៉ងរបស់សម្តេច ហ៊ុន សែន ផងដែរ។
សូមជម្រាបថា នេះជាលើកទី២ហើយ ដែលលោក សម រង្ស៊ី បានពោលពាក្យប្រមាថដល់ព្រះមហាក្សត្រកម្ពុជា។គិតមកដល់រសៀលថ្ងៃទី១៣ ខែកញ្ញា នេះ ស្ថាប័នជាច្រើន រួមទាំងក្រសួងការពារជាតិផង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលោក សម រង្ស៊ី ជាបន្តបន្ទាប់ និងបាន អំពាវនាវឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់៕