ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យម្ចាស់គនីហ្វេសប៊ុកឈ្មោះ តារា 168 កំពុងផ្សព្វផ្សាយឱសបំប៉នផ្លូវភេទបុរសឈ្មោះ MR THICK គ្មានបញ្ជិកា និងគ្មានច្បាប់ពីក្រសួងសុខាភិបាល ត្រូវបញ្ឈប់ ការឃោសនា ភូតកុហក បោកប្រាស់ ជាបន្ទាន់ ព្រោះបានបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវពី ឱសថបំប៉នផ្លូវភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់ សុខភាពយ៉ាងធ្ងន់ធ្ងរ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង សុខាភិបាលនៅតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
សេចក្តីប្រកាសនេះបន្ថែមថា ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ ឈប់ជឿការផ្សព្វផ្សាយឃោសនាកុហកបោកប្រាស់ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ របស់គណនីហ្វេសប៊ុកខាងលើ និងឈប់ប្រើប្រាស់ ឱសបំប៉នផ្លូវភេទ បុរស ឈ្មោះ MR THICK គ្មានបញ្ជិកានេះជាបន្តទៀត ហើយក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីខាងលើបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ឬចែកចាយឱសបំប៉នផ្លូវភេទបុរសឈ្មោះ MR THICK នេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើទៅតាមផ្លូវច្បាប់ជាធរមាន។
សេចក្តីប្រកាសដដែលបន្តថា ករណីបានជួប ឬ ប្រទះឃើញជនណាកំពុងចែកចាយ ឬ តាំងលក់ឱសថខុសច្បាប់ខាងលើនេះ សូមប្រញាប់ផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿងសម្អាង តាមទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤៕