មេធាវីរាជរដ្ឋាភិបាលប្តឹងលោក សម រង្ស៊ី មួយករណីទៀតក្រៅពីបណ្តឹង «ប្រមាថព្រះមហាក្សត្រ»

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានស្មើព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី រឿងករណីប្រមាថព្រះមហាក្សត្រ ខណៈក្រសួងព្រះបរមរាជវាំង និង ស្ថាប័នជាតិ រួមទាំងក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក៏បានចេញលិខិតថ្កោលទោសចំពោះ លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលពោលពាក្យប៉ះពាល់ដល់ព្រះមហា ក្សត្រ ផងដែរ។

ក្នុងលិខិតមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញដែលវីអូអេទទួលបាន នៅរសៀលថ្ងៃសុក្រ ទី ១៣ ខែកញ្ញា នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គ វង្សវឌ្ឍនា បានស្នើទៅកាន់ព្រះរាជអាជ្ញានៃតុលាការជាន់ទាបឲ្យ «ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងដោយម៉ឺងម៉ាត់បំផុតចំពោះអំពើប្រមាថចំពោះអង្គព្រះមហាក្សត្រ»។

ក្រៅពីបណ្តឹង «ប្រមាថព្រះមហាក្សត្រ» លោក សម រង្ស៊ី កំពុងរងបណ្តឹងបរិហារកេរ្តិ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ ក្រុមមេធាវីរាជរដ្ឋាភិបាល កាលពីល្ងាចថ្ងៃទី ១៣ ខែកញ្ញា បានដាក់ពាក្យបណ្តឹងនេះរួចហើយ ទៅកាន់តុលាការរាជធានីភ្នំពេញ ស្របពេលដែលមានប្រតិកម្មចម្រុះពីក្រសួង ស្ថាប័នរដ្ឋ និងឯកជន ដោយថ្កោលទោសលោក សម រង្ស៊ី ដែលផ្ដល់សម្ភាសជាមួយវិទ្យុ បរទេសជាខេមរៈភាសា ដោយបានពោលពាក្យប្រមាថធ្ងន់ៗដល់អង្គព្រះមហាក្សត្រ។

នៅក្នុងពាក្យបណ្តឹងនេះ ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនលោកព្រះរាជអាជ្ញានៃអយ្យ ការ អមសាលាដំបូងរាជធានីភ្នំពេញថា ការលើកឡើងរបស់លោក សម រង្ស៊ី កាលពីយប់ថ្ងៃទី ១២ កញ្ញា ជាមួយវិទ្យុអាស៊ីសេរី គឺបានឆ្លុះបញ្ចាំងអំពីចេតនាទុច្ចរិត ក្នុងគោលបំណងបរិហារកេរ្តិ៍ជាសាធារណៈលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បន្ថែមលើនេះ ការលើកឡើងរបស់លោក សម រង្ស៊ី ក៏បានបង្ហាញអំពីចេតនាទុច្ចរិត ញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល និងអសន្តិសុខក្នុងសង្គម ដែលជាការបំពានលើមាត្រា ៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ នេះបើយោងតាមពាក្យបណ្តឹងរបស់ក្រុមមេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ទៅកាន់ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី ១៣ កញ្ញា។

គួរជំរាបជូនថា ពាក្យបណ្តឹងរបស់ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជានេះ គឺធ្វើឡើងស្របពេលដែលព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា កាលពីថ្ងៃទី ១៣ កញ្ញា បានចេញដីកាចោទប្រកាន់លោក សម រង្ស៊ី ពីបទ «ប្រមាថអង្គព្រះមហាក្សត្រ»។ ការចោទប្រកាន់នោះ បានធ្វើឡើងក្រោយពីមានប្រតិកម្មពីក្រសួងព្រះបរមរាជវាំង និងអធិបញ្ជាពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា។ ក្រៅពីរងបណ្តឹងទាំងពីរខាងលើនេះ លោក សម រង្ស៊ី ក៏កំពុងរងប្រតិកម្មចម្រុះមកពីស្ថាប័នរដ្ឋ រហូតដល់គណបក្សនយោបាយផងដែរ៕