ភ្នំពេញ ៖ ប្រជារាស្ដ្រខ្មែរ បានឱ្យតម្លៃ និងសារៈសំខាន់ទៅលើបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌនេះខ្លាំងណាស់ ជា រៀងរាល់ឆ្នាំ គេតែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុងទីវត្ដអារាមដែលត្រូវប្រព្រឹត្ដទៅ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ។ ក្នុងអំឡុង ១៥ថ្ងៃនេះ គេបានតាំងចិត្ដ ដាច់ខាត ត្រូវតែទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងណាមួយមិនអាចខកខានបានឡើយ ទោះជាមាន កិច្ចការមមាញឹក ឬ ក្រីក្រលំបាកយ៉ាងណាក៏ដោយ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយ គេហៅថា “ភ្ជុំបិណ្ឌ”។
ព្រះភិក្ខុព្រះញ្ញាណវិសុទ្ធវង្ស សាត វិបុល ព្រឹទ្ធបុរសរង ពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហនុរាជ និង ជាព្រះចៅ អធិការវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស បានមានសង្ឃដិការឱ្យដឹងថា សម្រាប់ពិធីបុណ្យកាន់ បិណ្ឌឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺប្រជាពុទ្ធបរិស័ទខ្មែរ បាននាំគ្នា ធ្វើចង្ហាន់ ឬនាំយកទ័យទាន ទាំងឡាយ ទៅប្រគេន ព្រះសង្ឃ ដោយមានជំនឿយ៉ាងមុតមាំ តាមសណ្ដាប់ចាស់ៗ ដែលពោល ណែនាំ និងបានអនុវត្ដជារៀងរាល់ឆ្នាំតៗគ្នាមក ដើម្បីឧទ្ទិសកុសល ចំពោះញាតិមិត្ដដែលបាន ចែក ឋានទៅហើយមាន៖ មាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវ អាចបានមកទទួល យក ភោគផលបាន។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្ម ត្រូវទៅសោយទុក្ខទោស នៅ ឋាន នរក ប្រេត កើតក្នុងអបាយភូមិ វេទនាខ្លាំងណាស់។ លុះដល់រដូវបុណ្យនេះ គេបានដោះលែង ឱ្យមកទទួលយក ផល្លានិសង្ស ដែលញាតិសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឱ្យ។
ម្យ៉ាងទៀតគេខ្លាច អ្នកទាំងអស់នោះ ដាក់ប្រទេចបណ្ដាសាឱ្យគេហិនហោច ប្រសិនបើដើរស្វែង រក គ្រប់៧វត្ដ ហើយមិនឃើញសាច់ញាតិធ្វើបុណ្យបញ្ជូនឱ្យទេ។ ជាមួយគ្នានេះដែរ ដែលគេមានក្ដី សង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឱ្យសព្វ សាធុការពរ ហើយគេនឹងត្រូវបានទទួលវិញដែរ នូវសេចក្ដីសុខ និងសេចក្ដីចំរើន។
ព្រះញ្ញាណវិសុទ្ធវង្ស សាត វិបុល បានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានគេប្រារព្ធធ្វើឡើង តាំង ពីសម័យពុទ្ធកាល ដែលកាលណោះ ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងរយៈពេល៣ខែ ចាប់ពីថ្ងៃមួយរោចខែភទ្របទដល់ខែកត្តិក។ប៉ុន្តែនៅសម័យឧដុង្គដោយឈ្វេងយល់ថា ការរកចង្ហាន់ សម្រាប់ប្រគេនព្រះសង្ឃ មានការលំបាក ព្រះបាទអង្គឌួង បានបញ្ញត្តិឲ្យរាស្ត្រខ្មែរ ជាពិសេសពុទ្ធ បរិស័ទ ប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃវិញ ។
សូមជម្រាបផងដែរ នៅថ្ងៃ១រោជ ខែភទ្របទ ត្រូវនឹងថ្ងៃសៅរ៍ទី១៤ ខែកញ្ញា នេះជាថ្ងៃកាន់បិណ្ឌ ទី១ មានបងប្អូនប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ ប្រុស ស្រីបាននាំយកបាយសម្លរ ផ្លែឈើ និងទ័យទាន នានា ទៅកាន់វត្តអារាម ក៏ដូចជានាំយកម្ហូបចំណី លុយកាក់មួយចំនួន ទៅជូនញ្ញាតសណ្តាន ចាស់ ព្រឹទ្ធាចារ្យ នៅគ្រប់ទីកន្លែងផងដែរ៕