ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ កញ្ញានេះ លោក Qiu Guoxing ប្រធានអគ្គនាយកក្រុមហ៊ុន Prince Real Estate (Cambodia)Group Co., Ltd និងជាប្រធានសមាគមមិត្តភាពសភាពាណិជ្ជកម្មចិន ហ្វូជាន នៅកម្ពុជា បាននាំមកនូវថវិកាសប្បុរសធម៌ចំនួន ២សែន ៣ម៉ឺន ៥ពាន់ ២៨៥ដុល្លារអាមេរិក បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនមួយនេះបានចូលជាសមាជិកស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ដោយបានបរិច្ចាគថវិកាចំនួន ២ម៉ឺន ៩ពាន់ ២០៨ ដុល្លារអាមេរិក និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាក៏បាន បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាជាង ៣ម៉ឺន ដុល្លារអាមេរិកផងដែរ។
ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងគាំទ្រជាប្រចាំរបស់លោក Qiu Guoxing ជាពិសេសពីសំណាក់ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd និងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាដែលបានបន្តរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នេះឆ្លើយតបចំពោះការអំពាវនាវរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។
ជាការឆ្លើយតបលោក Qiu Guoxing បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដើម្បីចូលរួមធានានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោកបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាបន្ថែមទៀតផងដែរ៕