ពលរដ្ឋជាង២ម៉ឺននាក់បានជិះរថយន្តក្រុងឥតគិតប្រាក់ នាបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

ភ្នំពេញ ៖ រយៈពេល៥ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានប្រជាពលរដ្ឋជាង២ម៉ឺននាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទៅមកតាមបណ្ដាខេត្តចំនួន១៨ ដែលរាជរដ្ឋាភិបាលបានរៀបចំ។

នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលបានរៀបចំរថយន្ត ក្រុងសាធារណៈឱ្យប្រជាពលរដ្ឋជិះដោយឥតគិតប្រាក់ រយៈពេល៥ថ្ងៃ គឺពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ហើយបើគិតពីថ្ងៃដំណើរការដំបូង រហូតដល់ថ្ងៃចុងក្រោយ នៃដំណើរការសេវារថយន្តក្រុង ឥតគិតប្រាក់នេះ មានប្រជាពលរដ្ឋជាង២ម៉ឺននាក់ បានធ្វើដំណើរតាមរយៈរថយន្តក្រុង របស់សាលារាជធានីភ្នំពេញ ដោយចេញពីភ្នំពេញទៅខេត្ត និងចេញពីបណ្ដាខេត្តចំនួន១៨ មករាជធានីភ្នំពេញ វិញ។

លោក អ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានឱ្យដឹងថា ពីថ្ងៃទី២៦ ដល់ថ្ងៃទី ៣០ ខែកញ្ញា គឺប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ មានចំនួន ជាង២ម៉ឺននាក់ ដោយប្រើប្រាស់រថយន្តទាំង១២០គ្រឿង ហើយចំណាយទាំងអស់ជាបន្ទុករបស់រដ្ឋាភិបាល។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្ដល់សេវារថយន្តក្រុងជូនប្រជាពលរដ្ឋជិះ ទៅមកស្រុកកំណើតដោយឥតគិតប្រាក់នេះ គឺជាការអនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតម្រូវឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុង ដើម្បីដឹកប្រជាពលរដ្ឋចេញទៅតាមបណ្តាខេត្តចំនួន១៨ ដោយឥតគិតថ្លៃ ក្នុងបំណងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងការកកស្ទះចរាចរណ៍ ឬ ក៏គ្រោះថ្នាក់តាមដងផ្លូវជាដើម។

គួរបញ្ជាក់ដែរថា រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញទាំង១២០គ្រឿនេះ គឺមានធ្វើដំណើតតាមផ្លូវជាតិលខ១ ទៅមកខេត្តព្រៃវែង និងស្វាយរៀង។ ផ្លូវជាតិលេខ២ ទៅមកខេត្តតាកែវ និងខេត្តកែប។ ផ្លូវជាតិលេខ៣ ទៅមកខេត្តកំពត។ ផ្លូវជាតិលេខ៤ ទៅមកខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ផ្លូវជាតិលេខ៥ ទៅមកខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យ។ ផ្លូវជាតិលេខ៦ ទៅមកខេត្តកំពង់ធំ និងសៀមរាប។ ផ្លូវជាតិលេខ៦ និងលេខ៧ ធ្វើដំណើរទៅមកខេត្តកំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង៕