ពលរដ្ឋចិនព្រួយបារម្ភអំពីតម្លៃសាច់ជ្រូកមុន«ទិវាជាតិ»មកដល់

បរទេស ៖ ផ្សារទំនើបនៅក្នុងប្រទេសចិន កំពុងតំឡើងបញ្ជរលក់សាច់របស់ពួកគេ ដោយមានសាច់ជ្រូកក្លាសេបំរុងទុករួចជាស្រេច បន្ទាប់ពីតម្លៃរបស់សាច់ប្រភពប្រូតេអ៊ីន ដ៏ពេញនិយមរបស់ប្រទេសនេះ បានកើនឡើងដល់កំរិតខ្ពស់ មុនពេលថ្ងៃប្រារព្ធពិធីបុណ្យជាតិនៅថ្ងៃទី១ ខែតុលានេះ។

សាច់ជ្រូក ដែលមានស្ទើរតែគ្រប់កន្លែង នៅលើតុអាហាររបស់ប្រជាជនចិន កំពុងមាន ការខ្វះខាត បន្ទាប់ពីវីរុស បានសម្លាប់ និងឆ្លងដល់សត្វជ្រូករាប់លានក្បាល នៅទូទាំងប្រទេសចិន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ ទីក្រុងប៉េកាំង បានព្យាយាមសាកល្បង និងទប់ស្កាត់តម្លៃ ដែលបានកើនឡើង ដល់ជិតទ្វេដងពីតំលៃដែលបានកើនឡើង កាលពីមួយឆ្នាំមុន ហើយនៅតែកើនឡើងជារៀងរាល់ថ្ងៃ ដែលធ្វើអោយមានការបញ្ចេញសាច់ជ្រូកចំនួន ៣ម៉ឺនតោន ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។

តំលៃសាច់ថោកជាងនេះ នឹងក្លាយជារឿងប្រសើរដល់មនុស្សជាច្រើនមុនថ្ងៃឈប់សម្រាក នៅក្នុងប្រទេសចិន ដោយសារជាធម្មតាជនជាតិចិន ប្រមូលផ្តុំគ្នាញ៉ាំអាហារ ក្នុងឱកាសបុណ្យនីមួយៗ ហើយអាហារភាគច្រើនរបស់ពួកគេ នឹងមានការចំអិន សាច់ជ្រូក តាមគ្រប់បែបបរបស់ពួកគេ។

អ្នកដើរទិញឥវ៉ាន់ នៅទីក្រុងប៉េកាំង បាននិយាយថា ពួកគេគ្មានសាច់ប្រើប្រាស់គ្រប់ គ្រាន់ សំរាប់ការធ្វើម្ហូបរបស់ពួកគេ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនោះទេ ទោះនៅក្នុង តម្លៃបែប ណាក៏ដោយ ហើយ ទោះពួកគេបានកាត់បន្ថយសាច់ នៅពេលញ៉ាំអាហារថ្ងៃ ធម្មតាហើយ ក៏ដោយ។ លោកហ្គោបាននិយាយថា ខ្ញុំអាចញ៉ាំសាច់ បាន ៤ ទៅ ៥ ដងក្នុង មួយខែ ប៉ុន្តែពេលនេះប្រហែលជាខ្ញុំញ៉ាំបានតែម្តងក្នុងមួយខែប៉ុណ្ណោះ ។

មនុស្សជាច្រើន កំពុងប្រើ សាច់មាន់ ទា ឬសាច់គោ ជំនួសការពិសារសាច់ជ្រូក របស់ពួកគេ ខណះដែលសាច់ជ្រូកមានតំលៃថ្លៃខ្លាំង ដល់ថ្នាក់សាច់សត្វដែលធ្លាប់មានតំលៃថ្លៃ ជាង បែរជាមានតំលៃថោកជាងទៅវិញ ។

លោក ម៉ារ៉ាន់ដាំ ហ្សូ អ្នកវិភាគនៅក្រុមហ៊ុន អឺរ៉ូម៉ូនីទ័រ បាននិយាយថា ការលក់ សាច់របស់រដ្ឋ ជួយសំរួលបានតែតិចតួចប៉ុណ្ណោះ ចំពោះតម្លៃ ដោយបរិមាណបំរុងសរុប ត្រូវបាន លក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារប្រទេសចិន គឺជាប្រទេសដែលប្រើប្រាស់សាច់ជ្រូកច្រើនបំផុត៕