ប្រទេសថៃ ៖ ពលករខ្មែរម្នាក់ដែលទៅធ្វើការផ្នែកប្រមូលសំរាមនៅក្នុងក្រុង Pattaya ប្រទេសថៃ ត្រូវរថយន្តបុកដាច់ជេីងទាំងសងខាង កាលពីវេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្របផ្លូវរថភ្លេីងជិតភូមិខៅតាឡូ សង្កាត់ណង់ព្រឺ ស្រុកបាងឡាលុង ខេត្តឈុនបុរី ប្រទេសថៃ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ចំណាកស្រុកខ្មែរដែលបានរងគ្រោះមានឈ្មោះ ឈួន ប៊ុនរឿន ភេទប្រុស ២៨ ឆ្នាំ សញ្ជាតិខ្មែរ ស្រុកកំណើតរស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរងរបួសដាច់ជេីងទាំងសងខាង។
ចំណែកឯរថយន្តបង្កម៉ាក Nissan Sylphy ពាក់ស្លាកលេខ 4 กฌ 4462 បាងកក បេីកបរដោយបុរសជនជាតិថៃម្នាក់ស្រវឹងជោកជាំ បានបេីកទៅបុកគូទពីក្រោយរថយន្ដប្រមូលសំរាម ពាក់ស្លាកលេខ 73-3948 របស់ក្រុមហ៊ុនEastern Green World គ្រាដែលជនរងគ្រោះកំពុងធ្វើសកម្មភាពប្រមូលសំរាមតាមទីសាធារណៈ នីងកំពុងឈរនៅពីក្រោយគូថរថយន្តប្រមូលសំរាម ក៏បុកបណ្ដាលអោយរងរបួសធ្ងន់ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវសមត្ថកិច្ចសង្គ្រោះដឹកបញ្ជូនយកទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យក្នុងស្រុកបាងឡាលុង ប៉ុន្តែជាអកុសល ដោយសាររបួសមានស្ថានភាពធ្ងន់ធ្ងរពេក បណ្តាលឲ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតតែម្តង។
រហូតមកដល់ថ្ងៃទី២ ខែតុលា នេះ មិនទាន់មានប្រភពព័ត៌មានណាមួយបញ្ជាក់លម្អិតពីដំណោះស្រាយ ចំពោះជនរងគ្រោះនៅឡើយទេ៕