មនុស្ស៤នាក់នៅខេត្តប៉ៃលិន បានរត់គេចខ្លួនបន្ទាប់ពីត្រូវតុលាការចោទប្រកាន់ពីបទ«រួមគំនិតក្បត់»

ខេត្តប៉ៃលិន ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានសេចក្តីប្រកាសព័ត៌មាន នាល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នេះថា អយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានសម្រេចចោទប្រកាន់មនុស្ស ៤នាក់ ពីបទ «រួមគំនិតក្បត់» ក្នុងផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក។

មនុស្សទាំង៤នាក់នោះ រួមមាន ទី១ ៖ ឈ្មោះ វ៉ែន ដារ៉ា ហៅប៉ុច ភេទស្រី អាយុ៦០ឆ្នាំ, ទី២ ៖ ឈ្មោះ ឈុន សិទ្ធី ហៅគ្រូធី ភេទប្រុស អាយុ៤០ឆ្នាំ, ទី៣ ៖ ឈ្មោះ ឃិន ប៉ុន ភេទប្រុស អាយុ៦៤ឆ្នាំ និងទី៤ ៖ ឈ្មោះ ហ៊ុយ ហួន ភេទប្រុស អាយុ៦៨ឆ្នាំ ប៉ុន្ដែទោះបីជាយ៉ាងណា មនុស្សទាំង៤នាក់ខាងលើនេះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ដោយពួកគេ បានចាកចេញពីលំនៅឋានរបស់ខ្លូនបាត់អស់ទៅហើយ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ បានបញ្ជាក់ថា មនុស្សទាំង៤នាក់នេះ ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងអំពើរបស់ឈ្មោះ វ៉ែន ដារ៉ា ហៅ ប៉ុច បានផ្តល់នូវបទសម្ភាស៍ តាមវិទ្យុអាស៊ីសេរី កាលពីអំឡុងខែសីហា ឆ្នាំ២០១៩។ ចំណែកឈ្មោះ ឈុន សិទ្ធី ហៅគ្រូធី, ឈ្មោះ ហ៊ុយ ហួន និងឈ្មោះ ឃិន ប៉ុន គឺពាក់ព័ន្ធនឹងការ ផ្ដល់ទីកន្លែងសម្រាប់ជួបជុំ និងការផ្សព្វផ្សាយតាមរយៈបណ្ដេញ Facebook រួមជាមួយអត្ថបទ ដែលមានលក្ខណៈជាការកៀរគរ បំផុសឲ្យមហាជនចូលរួម ក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល នៃកម្ពុជា ជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ក្រោមឧបាយកល «ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញ របស់ឧក្រិដ្ឋជន សម រង្ស៊ី» ដោយអនុវត្តតាមការអំពាវនាវ របស់ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក ។

គួរជម្រាបថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងការធ្វើរដ្ឋប្រហារខាងលើនេះ នឹងត្រូវប្រឈមមុខការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទរួមគំនិតក្បត់ ដែលរងនូវការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា លើកលែងអ្នកពាក់ព័ន្ធទាំងនោះ ចូលមកសារភាពបានទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕