ចាប់ជនដៃដល់សម្លាប់ជនជាតិចិនដូចគ្នាកាត់ជាបីកំណាត់ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ថា ដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ របស់សមត្ថកិច្ច ជំនាញពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំពី លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលរដ្ឋបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីច្បាប់ដោយ លោក សៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះសីហនុ។ សមត្ថកិច្ច បានបំបែកសំណុំ រឿង ករណីប្រជាពលរដ្ឋប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពេលនេះ ត្រូវបានបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យបានជនជាតិចិនម្នាក់។ ជនសង្ស័យរូបនោះមានឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E05801588 ស្នាក់នៅហាង ប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យបានសារភាពថា៖ ឃាតកម្មនេះ កើតឡើងដោយសារ ជនរងគ្រោះ ឈ្មោះ WU CHEN GHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែន លេខៈ ED7591553 បានទំនាក់ទំនងទៅជនសង្ស័យ ដើម្បីប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិក ចំនួន ៧០,០០០$ (ប្រាំពីម៉ឺនដុល្លារអាមេរិច)។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី ៣០ លុះខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី ជនរងគ្រោះ បានទៅហាងប្តូប្រាក់ របស់ជនសង្ស័យ ដែលមានស្លាកយីហោរ ប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី ១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីជនរងគ្រោះ បានវេប្រាក់ទៅអោយជន សង្ស័យ រួចរាល់ហើយ ក៏ត្រូវជនសង្ស័យប្រើកាំប៉ិត កាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង។

បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានកាត់សាកសព របស់ជនរងគ្រោះជា ៣ កំណាត់ រួចយកសាកសពវេចខ្ចប់ជាមួយភួយ និងអាវ ដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង ០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យ បានទៅ ជួលរថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AH-1611 ដើម្បីដឹក សាកសព របស់ជនរងគ្រោះយកទៅប្លុងចោលនៅកន្លែងផ្សេងៗពីគ្នា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង៣០នាទី មានប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា បានប្រទះឃើញមានសាកសពមិនស្គាល់អត្តសញ្ញាណ នៅ ចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់ពីធ្វើការ ពិនិត្យសាកសព និងប្រមូលភស្តុតាងកន្លែងកើត ហេតុរួចមក កម្លាំងជំនាញផែននគរបាលព្រហ្ម ទណ្ឌ បានបន្តធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ យ៉ាង ស្រស្រាក់ស្រស្រាំ ប្រើប្រាស់ជំនាញរបស់ នគរបាលចូលជ្រៅ រហូតធ្វើឃាត់ខ្លួនបានជនសង្ស័យ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២ និង០០នាទី រំលងអធ្រាត នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ ED7591553 សាកសព របស់ជនរងគ្រោះ ត្រូវបានកាត់ជា ៣កំណាត់ ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ ,កំណាត់ទី៣ ពី ជង្គង់ដល់បាតជើង។
ចំពោះឃាតកម្មខាងលើនេះ មន្ត្រីនគរបាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នង ការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕