សម្តេចតេជោ ហ៊ុន សែន អំពាវនាវលើកកម្ពស់ប្រាក់រៀលឲ្យបានទូលំទូលាយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យធនាគារជាតិកម្ពុជា ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ រួមគ្នាបន្តរក្សារូបិយវត្ថុជាតិប្រកបដោយស្ថេរភាព និងទំនុកចិត្តតាមរយៈការប្រើប្រាស់ប្រាក់រៀលឲ្យបានទូលំទូលាយ ដើម្បីលើកកំពស់អត្តសញ្ញាណ និងអធិបតេយ្យជាតិ។ការអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា។

ថ្លែងនៅក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០នៃការបង្កើតធនាគារជាតិនៃកម្ពុជា (១០តុលា១៩៧៩-១០តុលា២០១៩) នៅសាលសន្និសីទចតុមុខ នៅព្រឹកថ្ងៃទី១០ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យធនា គារជាតិបង្កើតគោលនយោបាយថ្នាក់ជាតិរយៈពេលវែងមួយ សំដៅលើកកំពស់ការប្រើប្រាស់ប្រាក់រៀលប្រកបដោយការប្រុងប្រយ័ត្ន សង្គតិភាព និងផ្អែកលើយន្តការទីផ្សារ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងរយៈពេល៤០ឆ្នាំ ចុងក្រោយនេះ វិស័យធនាគារកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ។ កម្ពុជាមានប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព និង សមាហរណកម្មខ្ពស់ ទៅក្នុងតំបន់ និងអន្តរជាតិព្រមទាំងបំពេញបាន នូវសេចក្តីត្រូវការផ្នែកសេវាហិរញ្ញវត្ថុ កាន់តែទូលំទូលាយនៅទូទាំងប្រទេស ។ វិស័យធនាគារបានក្លាយជាសសរស្តម្ភមួយ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ត្បិតវិស័យធនាគារ បានរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព ហិរញ្ញវត្ថុ ការលើកស្ទួយជីវភាពរស់នៅ និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ជាពិសេសតាមរយៈវិស័យមីក្រូ ហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជាបានរក្សាស្ថិរភាពតម្លៃប្រាក់រៀល ដែលប្រែប្រួលក្នុងរង្វង់តែ ១% ប៉ុណ្ណោះ ជាមួយនឹងការបង្កើនទុនបម្រុងអន្តរជាតិឱ្យស្ថិតក្នុងកម្រិតខ្ពស់ ដែលលទ្ធផលទាំងនេះ បង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រង បរិមាណផ្គត់ផ្គង់ប្រាក់រៀល និង ការគរពូនទ្រព្យសម្បត្តិជាតិឱ្យបានល្អប្រសើរ ដើម្បីរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណា មានកម្រិតទាបប្រមាណ ៣% ។ វិស័យធនាគារបានពង្រីកការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ប្រជាជនទូទាំង ប្រទេស ជាពិសេសប្រជាជនក្រីក្រ សម្រាប់លើកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះ ប្រជាជនពេញ វ័យប្រមាណ៧១% កំពុងទទួលបានសេវាហិរញ្ញវត្ថុ ហើយការផ្តល់ហិរញ្ញប្បទានតាមរយៈប្រព័ន្ធធនាគារបានកើនឡើង ដល់ ១១៥% នៃ ផសស សម្រាប់បំពេញសេចក្តីត្រូវការពង្រីកឤជីវកម្មលើគ្រប់វិស័យ។

បើតាមសម្តេច តាមរយៈឥណទានវិស័យធនាគារ ប្រជាជនកម្ពុជាមានឱកាសពង្រីក ឤជីវកម្មរបស់ខ្លួន មានជីវភាពរស់នៅល្អប្រសើរ ឤចទិញលំនៅដ្ឋានបានសមរម្យ ដែល ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ភាពសុខដុមរមនារបស់សង្គមជាតិទាំងមូល។

សម្តេចតេជោ បានស្នើឲ្យធនាគារជាតិនៃកម្ពុជា ស្ថាប័ពាក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជន ត្រូវបន្តចូលរួមបង្កើនការយល់ដឹង និង ពង្រឹងវប្បធម៌ឥណទាន ដល់អ្នកដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសនៅតាមជនបទ ដើម្បីទប់ស្កាត់នូវហានិភ័យនានា ដែលឤចកើតឡើងជាយថាហេតុ នាបច្ចុប្បន្ន និង អនាគត។ សម្តេចក៏ស្នើឲ្យភាគីពាក់ព័ន្ធ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព នូវការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ដើម្បីការពារវិស័យហិរញ្ញវត្ថុ ធនាគារ ប្រកបដោយតម្លាភាព និង អភិបាលកិច្ចល្អ ។

លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិកម្ពុជា បានបញ្ជាក់ថា ការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ នេះគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រាក់រៀលកម្ពុជាដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ប្រាក់រៀលកម្ពុជា ត្រូវបានបោះផ្សាយនៅថ្ងៃទី២០ខែ មីនា ឆ្នាំ១៩៨០ ហើយរយៈពេល២ទសវត្សរ៍ចុងក្រោយនេះការរក្សាបាននូវតួនាទីប្រាក់រៀលក្នុងសេដ្ឋកិច្ចជាពិសេសតម្រូវការប្រាក់រៀលបានកើនឡើងយ៉ាងឆាប់រហ័សទាំងប្រាក់រៀលក្នុងចរាចរណ៍និងការសន្សំក្នុងប្រព័ន្ធធនាគារ។ នេះគឺជាការបង្ហាញជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាមក លើប្រាក់រៀលជាពិសេសលើកស្ទួយប្រាក់រៀលកម្ពុជាតាមរយៈការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយនៅទូទាំងប្រទេសសំដៅពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិ៕