នាយករដ្ឋមន្ត្រីកម្ពុជាណែនាំដល់ប្រតិភូនាវាយុវជនរៀបចំខ្លួនឱ្យបានស័ក្ដិសមជាកូនខ្មែរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឱកាសឲ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៏ចូលជួប នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី១០ តុលា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ប្រតិភូនាវាយុវជន២៩រូប រៀបចំខ្លួនឱ្យបានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេសប្រមាណ ១៦លាននាក់។ យុវជនក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ ។

នៅក្នុងជំនួប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីមូលហេតុដែលកម្ពុជាដាក់អាទិភាពចូលជាសមាជិកអាស៊ានដោយផ្អែក លើកត្តា៤៖ ទី១. អាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ទី២. អាស៊ានមានស្មារតីសហគមន៍គឺអាស៊ានសម្រេចកិច្ចការអ្វីៗដោយកុងសង់ស៊ីស មិនមែនសម្រេចដោយការបោះឆ្នោតឬ សម្រេចដោយការដាក់ទណ្ឌកម្មនោះទេ ទី៣. ដោយសារផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៤. អាស៊ានគឺជាច្រកចេញការទូតរបស់កម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ប្រតិភូនាវាយុវជន២៩រូប រៀបចំខ្លួនឱ្យបានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេសប្រមាណ ១៦លាននាក់។ យុវជនក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ ។

កញ្ញា សុគុណ សុភក្ត្ររាសី តំណាងគណៈប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៏ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថាការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន២៩រូប។ លោកបានឲ្យដឹងថា នេះជាលើកទី៤៦ហើយដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់តាំងពីការចាប់ផ្ដើមមក។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី២៣ តុលា ដល់១៣ ធ្នូ ២០១៩ ។ កញ្ញា បានបន្តទៀតថាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ តាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលជប៉ុន និងសមាជិកស្ថាបនិកទាំង៥របស់អាស៊ាន ក្នុងនោះមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរីហ្វីលីពីន និងថៃ ។

សម្រាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ ឆ្នាំ២០១៩ នេះប្រតិភូនាវាយុវជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន នឹងធ្វើដំណើរទៅជួបជុំគ្នានៅប្រទេសជប៉ុនដើម្បីប្រារព្ធកម្មវិធីបើកជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។ បន្ទាប់មកប្រតិភូនាវាយុវជនទាំងអស់ត្រូវបែងចែកជាក្រុមទៅធ្វើទស្សនកិច្ចសិក្សានៅតំបន់មួយចំនួនក្នុងប្រទេសជប៉ុនមុននឹងប្រតិភូនាវាយុវជនចុះនាវាដើម្បីធ្វើដំណើរតាមផ្លូវទឹកពីប្រទេសជប៉ុនទៅកាន់ប្រទេសវៀតណាម សិង្ហបុរី មីយ៉ាម៉ា និងម៉ាឡេស៊ី ហើយចុងក្រោយនេះវាយុវជននឹងត្រឡប់ទៅប្រទេសជប៉ុនវិញដើម្បីប្រារព្ធកម្មវិធីបិទ បន្ទាប់នឹងវិលត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩៕