ភ្នំពេញ ៖ ការស្ថាបនាស្ពានអាកាសថ្មើរជើង នៅខណ្ឌទួលគោកចំនួន២កន្លែង នៅត្រង់ផ្សារដើមគរ និងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុកនឹងមានការប្រែប្រួលពោលគឺស្ពានអាកាសនៅមុខសាលាសន្ធរម៉ុកអាចនឹងសាងសង់លើចំនុចផ្លូវប្រសព្វទាំង៤ទិសនៅចំណុចស្តុបនេះតែម្តងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាពដែលមិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នៅ សាលារាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេងក្នុងកិច្ចប្រជុំបានជំរុញឲ្យក្រុមហ៊ុន ដែលទទួលការសាង សង់នេះស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរមុនគេ។ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខសាលាឋមសិក្សាសន្ធរម៉ុកត្រូវសិក្សាបន្តទៀតដោយសារតែចង់ពង្រីកគម្រោងស្ថាបនានេះនៅលើចំនុចផ្លូវប្រសព្វទំាង៤ទិសត្រង់ភ្លើងស្តុបសន្ធរម៉ុកតែម្តង។
ឯ.ឧ ឃួង ស្រេង បានថ្លែងថា ការពន្លឿនស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខផ្សារដើមគរនេះ ដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋចង់ឲ្យមានការស្ថាបនាឲ្យបានឆាប់ខណៈដែលក្រុមអ្នកជំនាញបានសិក្សាពីផលប៉ៈពាល់រួចរាល់ហើយ។
ឯ.ឧ បានបន្ថែមថា ចំពោះគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សា សន្ធរម៉ុក វិញ ត្រូវការសិក្សាឲ្យបានល្អិតល្អន់បន្ថែមទៀត ដោយសារតែអាជ្ញាធរចង់ធ្វើស្ពានអាកាស នេះ នៅលើចំនុចផ្លូវប្រសព្វទំាង ៤ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
តំណាងក្រុមហ៊ុនស្ពេកមេឌៀ Space Media ដែលទទួលសិទ្ធិក្នុងស្ពានអាកាសថ្មើរជើង ទំាង២ កន្លែងនេះ បានឲ្យដឹងថា ជាគម្រោងបច្ចេកទេសស្ពានអាកាសថ្មើរជើង មុខផ្សារដើមគគឺសាងសង់ ដោយឆ្លងកាត់មហាវិថីម៉ៅសេទុងដែលប៉ៈពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណ៨ផ្ទះប៉ុន្តែពួកគេនៅតែអាចចេញចូលនិងចតរថយន្តបានដោយសារនៅសល់គម្លាតរហូតដល់៥ម៉ែត្រពីគម្រោង។ដោយឡែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកក្រុមហ៊ុននឹងបន្តសិក្សាបន្ថែមទៀត។
សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែងនិងនៅតំបន់ភ្លើងស្តុបនាងគង្ហីងមានចំនួន១កន្លែងហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕