ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេស ចំនួនបី ក្នុងតំបន់អឺរ៉ុបរួមមាន សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ។ ក្នុងដំណើរ ទស្សនកិច្ចនេះ សម្តេចតេជោ ក៏នឹងអញ្ជើញជាសាក្សីក្នុងពិធី ចុះហត្ថលេខាលើឯកសារមួយចំនួន នៅក្នុងបណ្តារដ្ឋទាំងបីនោះផងដែរ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើសេចក្តី ប្រកាសព័ត៌មានរួមគ្នា។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជ កម្ម, លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើន ទៀត របស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។
១ ៖ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក
ពីថ្ងៃទី១៣ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឆែក ដែលសម្តេចនឹងអញ្ជើញចូលជួបសម្តែង ការគួរសមជា មួយលោក ចារ៉ូស្លាវ គុបេរ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក។
បន្ទាប់ពីកិច្ចប្រជុំចង្អៀត សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តី អេនដ្រេហ្គ បាប៊ីស នឹងជួបពិភាក្សាទ្វេភាគីលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយក ចិត្តទុកដាក់ រួម។ក្រោយជំនួបផ្លូវការនេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើ ឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។
២ ៖ កិច្ចប្រជុំកំពូលប៊ុយដាប៉ែសស្តីពីទឹក លើកទី៣
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី សម្តេចតេជោនាយករដ្ឋ មន្រ្តី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ រៀបចំឡើងក្រោមប្រធានបទ «ការទប់ ស្កាត់វិបត្តិទឹក»។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ដោយ ផ្តោតទៅលើអាទិភាព យុទ្ធសាស្រ្ត និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាន នូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុង ប៊ុយដាប៉ែស សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួប សម្តែងការគួរសមជាមួយលោក យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ព្រមទាំងទទួលការចូល ជួបសម្តែងការគួរសមដាច់ដោយឡែកដោយលោក លី យ៉ុង (Li Yong) អគ្គនាយកអង្គការអភិវឌ្ឍ ឧស្សាហកម្ម សហប្រជាជាតិ (UNIDO) ផងដែរ។
៣ ៖ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី
ពីថ្ងៃទី១៥ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបំពេញ ទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋប៊ុលហ្គារី ។ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក រូមិន រ៉ាដេវ (Rumen Radev) ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី ហើយនៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តី ទាំង ពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន៕