ពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី៣ រយៈពេលបីថ្ងៃ បានចាប់ផ្តើមហើយនៅរសៀលថ្ងៃទី១១ ខែតុលា នេះ

ភ្នំពេញ ៖ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ បានប្រព្រឹត្តទៅនៅសណ្ឋាគារ សុខា ភ្នំពេញ ដោយមានក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអ្នកទិញ និង អ្នកលក់ កញ្ចប់ទស្សនកិច្ចទេសចរណ៍ ចូលរួមប្រមាណជាង ១០០ក្រុមហ៊ុន មកពី៤០ប្រទេសព្រម ទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិប្រមាណជាង ២០ស្ថាប័នផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមនឹងអង្គទូតនៃបណ្តាប្រទេសមួយចំនួន រសៀលថ្ងៃទី១១ តុលា បានអញ្ជើញកាត់ខ្សែបូសម្ពោធបើកពិព័រណ៍នេះជាផ្លូវការ ហើយបើតាម មន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣នេះ គឺប្រព្រឹត្ត ទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែតុលា ដោយមានក្រុមហ៊ុនអ្នកលក់កញ្ចប់ ទស្សនកិច្ច ចូលរួមក្នុងព្រឹត្តិការណ៍នេះមានដូចជា៖ កម្ពុជា ចិន កូរ៉េ ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ជាដើម។ ចំណែកក្រុមហ៊ុនអ្នកទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍មានជាង ១០០ ក្រុមហ៊ុន មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក។ពិព័រណ៍នេះមាន ១៥៧ស្ដង់ និងមានពន្លារ បស់ក្រសួងទេសចរណ៍ និងរបស់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តផងដែរ។

ក្នុងពិធីនេះលោករដ្ឋមន្ត្រី ថោង ខុន បានអះអាងថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ គឺជាឱកាសដ៏ពិសេសសម្រាប់ក្រុមហ៊ុនក្នុងស្រុក ក្នុងការស្វែងរកដៃគូធុរកិច្ចក្នុងវិស័យទេសចរណ៍ អន្តរជាតិ ដើម្បីពង្រីកទំនាក់ ទំនងអាជីវកម្ម និងផលចំណេញក្នុងអាជីវកម្មរបស់ខ្លួន។ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ពិតជាបានផ្ដល់នូវការផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការរីក ចម្រើនរបស់កម្ពុជាទៅកាន់ពិភពលោក បង្ហាញដោយផ្ទាល់នូវវប្បធម៌ ប្រពៃណី សិល្បៈ ពិសេស គឺ បានជំរុញការផ្សព្វផ្សាយពីមុខម្ហូបអាហាររបស់កម្ពុជាដ៏មានឱជារស ហើយបើតាមមន្ត្រីក្រសួង ទេសចរណ៍បានអោយដឹងថា ក្នុងពិព័រណ៍នេះកម្ពុជាបានរៀបចំ គុយទាវភ្នំពេញ ជូនគណៈប្រតិជាតិ -អន្តរជាតិ ដើម្បីភ្លក្សរសជាតិផងដែរ៕