ភ្នំពេញ ៖ អតីតក្មេងរើសសំរាមជាអាហារ នៅគំនរចាក់សំរាមស្ទឹងមានជ័យ ម្នាក់ បានកែប្រែជីវិត ក្លាយជា ជំនួយការដឹកនាំរឿងក្នុងផលិតកម្មធំមួយ ក្នុងប្រទេសកម្ពុជា ។ ការកែប្រែជីវិតអតីតក្មេងរើសសំរាមបរិភោគបំពេញរូបនេះ ដោយសារតែមានវត្តមានរបស់អង្គការ មូលនិធិកុមារកម្ពុជា ដែលស្ថាបនិកអង្គការនេះ ក៏ជាអ្នកដឹកនាំរឿងហូលីវូដ មួយរូបផងដែរ ។
ហូវ ញ៉ាញ់ គឺជាអតីតក្មេងរើសសំរាមមួយរូប នៅគំនរចាក់សំរាមស្ទឹងមានជ័យ បានថ្លែងប្រាប់ បណ្ដាញព័ត៌មានក្នុងស្រុកថា លោកមានស្រុកកំណើតនៅឯខេត្តស្វាយរៀង ហើយជីវភាពគ្រួសារ លោកគឺក្រីក្រលំបាកខ្លាំងណាស់ ដោយមានបងប្អូន៨នាក់ ហើយឪពុកលោក ក៏តែងតែហូបស្រា និងរករឿងវាយធ្វើបាបម្ដាយលោក និងបងប្អូន រត់ពេញភូមិ ។ ដោយសារតែជីវភាពក្រីក្រ លំបាក និងគេចពីការវាយធ្វើបាបរបស់ប្ដីផងនោះ ម្ដាយលោកក៏បាន នាំកូនៗពីរ បីនាក់មករស់នៅភ្នំពេញ តាមការណែនាំ របស់អ្នកភូមិ ថា នៅតំបន់ស្ទឺងមានជ័យ អាច រើសអេតចាយ ដើម្បីចិញ្ចឹមជីវិត ។
អតីតក្មេងរើសសំរាមរូបនេះ បន្តថា លោកក៏បានមកតាមម្ដាយរបស់លោកដែរ ហើយមួយថ្ងៃៗ លោក តែងតែនៅគំនរសំរាមដើម្បីរើសសំបកកំប៉ុង រឺកំទេចដែកដើម្បីលក់យកលុយជូនម្ដាយ ក្នុង ការបន្តជីវិតទៅទៀត ។ កាលនោះ លោកក៏បានរើសកាកសំណល់អាហារ ដែលគេដឹកចេញពី ភោជនីយដ្ឋានធំៗ មកចាក់ចោល មកហូបជាអាហារផងដែរ ពេលខ្លះមានសាច់មាន់ សាច់ជ្រូក ដែលមានប្រលាក់តិចៗ មកជូតនិងលាងទឹករួចបរិភោគ ដើម្បីបំបាត់ភាពស្រេកឃ្លាន ។ លោកថា ពេលខ្លះមានឡានដឹកផ្លែឈើរលួយៗ មកចាក់ចោលនៅគំនរសំរាមនោះ ហើយលោកក៏បានរើ កកាយរកផ្លែឈើណាល្អ មកហូបជំនួយបាយក៏មានដែរ ។
លោកបន្ថែមថា នៅថ្ងៃមួយ លោកបានជួបនឹងបុរសស្បែកសម្នាក់ ដែលមកមើលក្មេងៗ នៅតំបន់ ចាក់សំរាមនោះ ហើយលោកតែងតែប្រឡែងជាមួយក្មេងៗទាំងនោះ ។ ពេលជួបដំបូង លោកតែង តែសុំលុយពីបុរសស្បែកស នោះ តែក្រោយលោកបានឃើញក្មេងដទៃទៀត កាន់សៀវភៅ ប៊ិច និង ស្លៀកពាក់ស្អាតទៅរៀន ហើយនៅពេលដែលបុរសស្បែកស នោះ មកតំបន់ចាក់សំរាមថ្មីទៀត លោកក៏បានសុំបុរសស្បែកស នោះចូលរៀន ហើយបុរសនោះ ក៏យល់ព្រមទទួលលោកអោយ ចូល រៀនក្នុងអង្គការនោះ ។
ដោយសារតែទទួលបានការបណ្ដុះបណ្ដាលរៀនសូត្រចេះដឹង បានកែប្រែជីវិតលោកដែលសូម្បីតែ អ្នកភូមិ ក៏មិននឹកស្មានថា ជីវិតលោក និងគ្រួសារលោក អាចកែប្រែបែបនេះបានដែរ ។ បច្ចុប្បន្ន ញ៉ាញ់ ធ្វើការជាជំនួយការអ្នកដឹកនាំរឿងក្នុងផលិតកម្មហង្សមាស ដែលអាចសន្សំថវិកាសង់ផ្ទះ ជូន ម្ដាយនៅស្រុក និងអាចជួយម្ដាយជាថវិកាប្រចាំខែផងដែរ ។
លោកស្កុត នីសិន ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា ដែលជាបុរសស្បែកសជួយកែប្រែជីវិត ញ៉ាញ់ និងក្មេងជាច្រើនទៀត នៅក្នុងតំបន់ចាក់សំរាមស្ទឺងមានជ័យបាននិយាយថា លោកសប្បាយ ចិត្តណាស់ ដែលញ៉ាញ់អាចធ្វើការក្នុងអាជីពបន្តពីលោក ពីព្រោះលោកក៏ជាអ្នកដឹកនាំរឿង ហូលីវូដ មួយរូបដែរមុនពេលលោកមកប្រទេសកម្ពុជា ដូច្នេះអនាគត ញ៉ាញ់នឹងក្លាយជាធនធានមនុស្ស ដ៏ សំខាន់មួយរបស់កម្ពុជា ។
លោកបន្តថា សកម្មភាពរបស់អង្គការមូលនិធិកុមារកម្ពុជា មិនចង់បានតបស្នងពីក្មេងៗដែលអង្គការ បានជួយនោះនោះ តែយើងសង្ឃឹមថាក្មេងៗដែលយើងបានជួយយកចេញពីគំនរសំរាម នឹងក្លាយ ជា ធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងអាចអភិវឌ្ឍន៍ប្រទេស កម្ពុជាអោយ កាន់តែ រីកចម្រើនថែមទៀត ហើយក៏សូមអរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងល្អជាមួយ យើង ក្នុងការបន្តសកម្មភាពរបស់យើងនៅក្នុងប្រទេសកម្ពុជា ៕