ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ខណៈកំពុងតែជិះម៉ូតូសុខៗត្រូវរថយន្តស្ទូចមួយគ្រឿងបើកបុកកិនពីក្រោយទាំងកម្រោល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ស្ថិតនៅចំនុចលើស្ពានព្រះមុន្នីវង្សចាស់ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកកុបជ្រុងព៍ណទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ1B4652ធ្វើដំណើរពីទិសដៅពីកើតទៅលិចស្របពេលនោះស្រាប់តែមានរថយន្តស្ទូចមួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3E 3143 បើកបរស្របទិសគ្នាចុះពីលើស្ពានសង្ស័យហ្រ្វាំងមិនស៊ីបានបុកម៉ូតូនៅខាងមុខ កិនខ្ទេចបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ចំណែកអ្នកបើកបរបានសម្រេចបួងចង្កូតទៅបុកបង្គោលភ្លើងនិងបង្កាន់ស្ពានដើម្បីបញ្ឈប់រថយន្តលែងឲ្យទៅមុខបានទៀត។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌចំការមន និងនគរបាលខណ្ឌច្បារអំពៅសហការជាមួយចរាចរណ៍ក្រុងចុះមកវាស់វែង និងជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ និងបានឃាត់ខ្លួនអ្នកបើកបររថយន្តយកទៅសាកសួនៅប៉ុស្តិនគរបាលទន្លេបាសាក់។
ចំណែករថន្ត និងម៉ូតូជនរងគ្រោះត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕