ការនាំចេញ នាំចូលរបស់ចិននៅខែកញ្ញា ធ្លាក់ចុះយ៉ាងខ្លាំងដោយសារការដាក់ពន្ធ

បរទេស ៖ ការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុន នៅក្នុងខែកញ្ញា ខណៈដែលការនាំចូលបានធ្លាក់ចុះ ក្នុងរយៈពេល ៥ ខែជាប់គ្នា ដែលចង្អុលបង្ហាញពីភាពកាន់តែចុះខ្សោយបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ច របស់ប្រទេសនេះ និងគូសបញ្ជាក់ពីតម្រូវការសម្រាប់ការជំរុញបន្ថែម នៅពេលដែលសង្គ្រាមពាណិជ្ជកម្មចិន អាមេរិក នៅតែបន្ត។

ទិន្នន័យគយបានបង្ហាញថា ការនាំចេញរបស់ចិន ក្នុងខែកញ្ញាបានធ្លាក់ចុះ ៣.២% ពីមួយឆ្នាំមុន ដោយសារផលប៉ះពាល់ បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មចិន អាមេរិកកាន់តែកើនឡើងខ្លាំង និងធ្វើឱ្យតម្រូវការពិភពលោកចុះខ្សោយ។

ទិន្នន័យធ្លាក់ចុះនេះ ទំនងជាពង្រឹងការរំពឹងទុក ដែលទីក្រុងប៉េកាំងចាំបាច់ត្រូវដាក់ចេញនូវវិធានការណ៍ជំរុញបន្ថែមទៀត ដើម្បីបញ្ចៀសការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែខ្លាំង ទោះបីជាមានសញ្ញាមួយចំនួន បង្ហាញពីការបន្ថយភាពតានតឹង រវាងប្រទេសដែលមានសេដ្ឋកិច្ចកំពូលរបស់ពិភពលោកទាំងពីរក៏ដោយ។

បន្ទាប់ពីកិច្ចពិភាក្សាកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានគូសបញ្ជាក់ពីដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម និងបានផ្អាកការដំឡើងពន្ធ ដែលបានគំរាមដាក់ចេញ នៅថ្ងៃទី ១៥ ខែតុលាប៉ុន្តែពន្ធដែល មានស្រាប់នៅតែមាន ហើយមន្ត្រីមកពីភាគីទាំងពិរ បាននិយាយថា មានការងារជា ច្រើនទៀតដែលត្រូវបំពេញ មុនពេលសំរេចបានកិច្ចព្រមព្រៀង លើបញ្ហានេះ៕