ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបនិស្សិតខ្មែរជាច្រើនរូប ដែលកំពុងសិក្សានៅប្រទេសហុងគ្រី នាសណ្ឋាគារ Kempinski កាលពីរសៀលម្សិលម៉ិញ។ សម្តេចតេជោ ប្រាប់ក្រុមនិស្សិតនៅហុងគ្រីថា នៅក្នុងជំនួបទ្វេភាគី សម្តេចនឹងស្នើសុំឲ្យប្រធានាធិបតីហុងគ្រី បន្តជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា។
នៅក្នុងជំនួបជាមួយនិស្សិត ដែលកំពុងស្នាក់នៅ និងសិក្សានៅហុងគ្រី កាលពីរសៀលម្សិលម៉ិញ សម្តេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា សម្តេចនឹងស្នើសុំឲ្យប្រធានាធិបតីហុងគ្រី បន្តជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ពិសេសជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសហុងគ្រី អាចមានលទ្ធភាពបន្តការសិក្សារបស់ខ្លួនក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិតដើម្បីឲ្យពួកគេកាន់តែទទួលបាននូវការសិក្សាខ្ពង់ខ្ពស់ថែមទៀត។ សម្តេចតេជោ បានគាំទ្រ និងលើកទឹកចិត្តដល់និស្សិតខ្មែរឲ្យខិតខំរៀនសូត្រ គោរពច្បាប់ប្រទេសគេឲ្យបានល្អ ហើយបន្តសិក្សាឲ្យបានជ្រៅជ្រះហើយបើជួបការលំបាកលើបញ្ហាអ្វីមួយក្នុងពេលសិក្សាគឺរាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ដោះស្រាយជូន។
ជាមួយនេះសម្តេចតេជោបានបញ្ជាក់សាជាថ្មីថា ល្គឹកណាគណបក្សប្រជាជនកម្ពុជានៅតែឈ្នះឆ្នោត ហើយសម្តេចនៅតែបន្តដឹកនាំប្រទេសជាតិ គឺរាជរដ្ឋាភិបាលមិនយកពន្ឋលើដីស្រែចម្ការរបស់បងប្អូនប្រជាកសិករ ហើយបៀវត្សអប្បបរិមាទោះបីឡើងដល់ណាក៏មិនជាប់ពន្ឋនោះដែរ។
គួរបញ្ជាក់ថា ការដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសហុងគ្រីនៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកលើកទី៣ ឆ្នាំ២០១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងជួបប្រធានាធិបតីហុងគ្រី នៅរសៀលថ្ងៃទី១៥ តុលានេះ។ តាមការគ្រោងទុកសម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ក្រោមប្រធានបទ”ការទប់ស្កាត់វិបត្តិទឹក” នៅថ្ងៃទី១៥តុលានេះផងដែរ៕