ប្រធានាធិបតីហុងគ្រី នឹងបញ្ជូនអ្នកជំនាញជួយកែច្នៃសំរាម និងទឹកស្អាតនៅកម្ពុជា

ភ្នំពេញ ៖ ប្រធានាធិបតី ហុងគ្រី លោក យ៉ាណូស អាឌ័រ នៅរសៀលម្សិលមិញ ក៏បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ លោកប្រធានាធិបតី បញ្ជាក់ថា ហុងគ្រី នឹងបញ្ជូនអ្នកជំនាញផ្នែកទឹកស្អាត និងអ្នកជំនាញផ្នែកកែច្នៃសំរាម ឲ្យមកជួយអភិវឌ្ឍកម្ពុជា។

ក្នុងជំនួបនេះលោកប្រធានាធិបតីហុងគ្រី បានមានប្រសាសន៏ថា នេះជាលើកទី៣ ហើយដែលឯកឧត្តមបានជួបជាមួយ សម្ដេចតេជោ តែក្នុងរយៈពេល ៦ខែប៉ុណ្ណោះ ហើយជំនួបនេះ គឺជាជំនួបដ៏ពិសេស ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ លោក មិននឹកស្មានដល់ថា ភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស គួរជាទីចាប់អារម្មណ៍បែបនេះទេ។ នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួប។ លោក ប្រធានាធិបតីថា ដើម្បីចូលរួមអភិវឌ្ឍកម្ពុជាបន្តទៀត ឯកឧត្តម នឹងបញ្ជូនអ្នកជំនាញការរបស់ហុងគ្រីដើម្បីមកជួយកម្ពុជាយើងក្នុងការសិក្សាលើបញ្ហាទឹកស្អាត លើបញ្ហាសំរាមទាំងសំរាមសំណល់រឹង និងសំណល់រាវ ដែលជាបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង។ អ្នកជំនាញរបស់ហុងគ្រី នឹងផ្ដល់នូវបច្ចេកវិទ្យា និងដំណោះស្រាយ បញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់រាវនៅកម្ពុជា និងដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជារយៈពេលវែង ។ ឯ.ឧ បញ្ជាក់ថា ហុងគ្រី នៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំឱ្យមិនឱ្យមានការដកហូត ប្រព័ន្ធអនុគ្រោះពន្ធ។

សម្ដេចតេជោ បានជម្រាបជូនឯកឧត្តមប្រធានាធិបតី ថា កម្ពុជាមានការបែកបាក់គ្នាយ៉ាងយូរឆ្នាំ ប៉ុន្តែកម្ពុជាទទួលបានសុខសន្តិភាព និងស្ថេរភាពពេញលេញថែមទាំងមានកំណើនសេដ្ឋកិច្ច មិនតិចជាង៧ភាគរយក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។

សម្ដេចតេជោ អរគុណហុងគ្រី ដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសលើឯកសារ ដែលបានចុះហត្ថលេខាកន្លងមកនោះគឺ គម្រោងតេជោភូមិ១០០ និងផែនការសកម្មភាពដោះមីន ដើម្បីជំរុញនៅកម្ពុជាដែលជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥ ជាមួយនឹងការផ្ដល់អាហារូបករណ៍ជូនដល់សិស្សកម្ពុជាចំនួន១៥នាក់ក្នុងមួយឆ្នាំ។ ពាក់ព័ន្ធនឹងបញ្ហាទឹក និងសំរាមសម្ដេចតេជោ បានស្នើសុំឲ្យភាគីហុងគ្រី បញ្ជូនអ្នកជំនាញ ដើម្បីមកធ្វើការសិក្សា និងចូលរួមសហការជាមួយមន្ត្រីកម្ពុជា លើការដោះស្រាយទឹកស្អាត បញ្ហាសំណល់រឹង និងសំណល់រាវនៅទីក្រុងភ្នំពេញ និងទីក្រុងផ្សេងទៀត។ បញ្ហាសំរាមនៅតាមដងសមុទ្រ និងតាមដងទន្លេមេគង្គ សម្ដេចតេជោ បានផ្ដល់ការងារនេះជូនដល់ក្រសួងបរិស្ថានដើ ម្បីបន្តការពិភាក្សាជាមួយភាគីហុងគ្រី ក្នុងការបញ្ជូនប្រតិភូអ្នកជំនាញការហុងគ្រីមកកម្ពុជា នៅពេលឆាប់ៗខាងមុខ៕