ខេត្តព្រះសីហនុ ៖ ទំនាស់ដីធ្លីរ៉ាំរ៉ៃជាង១០ឆ្នាំរវាងប្រជាពលរដ្ឋជិត ៥០គ្រួសារ ត្រូវបានពលរដ្ឋទទូចស្នើសុំឲ្យអាជ្ញាធរខេត្តព្រះសីហនុ ជួយពន្លឿននីតិវិធីក្នុងការដោះស្រាយឲ្យបានឆាប់ ខណៈដែលពួកគាត់ត្រូវការជាចាំបាច់ដើម្បីបន្តការបង្កបង្កើននៅលើទីតាំងដីរបស់ពួកគាត់ដោយគ្មានការគំរាមកំហែង។
ដីដែលមានទំនាស់រវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនឋានសួគ៌ ចំកាត់ មានទំហំជាង ២៦៨ហិកតា នៅតំបន់បាតខ្ទះ ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋប្រមាណជា៤៥គ្រួសារ បានចូលទៅកាប់ឆ្ការដាំដំណាំ អាស្រ័យផល និងសាងសង់លំនៅឋានតាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ។
ក្រុមប្រជាពលរដ្ឋ បានបញ្ជាក់ឲ្យដឹងថា ទីតាំងដីទំនាស់នោះ ត្រូវបានក្រុមហ៊ុន ឋានសួគ៌ចំកាត់ ដាក់គ្រឿងចក្រ ៣-៤ គ្រឿង ធ្វើការឈូសឆាយផ្ទះសម្បែងផលដំណាំ ដើម្បីរំលោភយកដីនោះធ្វើជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទៅវិញ រួចបណ្ដេញប្រជាពលរដ្ឋ ដែលកំពុងរស់នៅដោយសុខសាន្ត និងអាស្រ័យផលនៅទីនោះរាប់សិបឆ្នាំមកហើយ អោយចាកចេញទាំងបង្ខំ។ ទំនាស់នេះ កើតឡើងតាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ដោយពុំមានការដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះទាំងនោះឡើយ។
បើតាមសម្ដីរបស់ប្រជាពលរដ្ឋរងគ្រោះនៅទីនោះជាច្រើននាក់បានឲ្យដឹងថា កាលពីដើមឡើយដី(ក្នុងឆ្នាំ១៩៩៤)ពួកគាត់បានកាប់ឆ្ការដីដាំដំណាំ និងសាងសង់ផ្ទះសម្បែង ដោយមានលិខិតបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ក្នុងឆ្នាំ ២០០៩ ដើម្បីជូនពួកគាត់រស់នៅស្របច្បាប់។
លុះដល់ឆ្នាំ ២០១០ ស្រាប់តែឃើញមានក្រុមហ៊ុនឋានសួគ៌ ចំកាត់ បានធ្វើការដាក់គ្រឿងចក្រជាច្រើនគ្រឿងមកឈូសឆាយបំភ្លេចបំផ្លាញផ្ទះសម្បែង និងផលដំណាំរបស់ពួកគាត់រួចបណ្ដេញចេញប្រជាពលរដ្ឋទាំងនោះឱ្យចេញពីលំនៅឋានទាំងបង្ខំព្រមទាំងចាប់ប្រជាពលរដ្ឋ៣នាក់ ដែលជាជនរងគ្រោះ នៅទីនោះ យកទៅដាក់ពន្ធនាគារអស់រយៈពេល២ឆ្នាំទៀតផង ។ ឯប្រជាជនដទៃទៀត ត្រូវបានក្រុមហ៊ុនបណ្ដេញចេញទាំងបង្ខំ ។ ក្រុមពលរដ្ឋដដែលបន្តថា តាំងពីពេលនោះមក ប្រជាជនរងគ្រោះទាំងអស់ បានដាក់ពាក្យបណ្ដឹងដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន តាំងពីថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និងថ្នាក់ជាតិ ដើម្បីឲ្យជួយរកយុត្តិធម៌ និងជួយរកដំណោះស្រាយជូនពួកគាត់ឲ្យបានបន្តការរស់នៅនិងអាស្រ័យផលនៅទីកន្លែងនោះដូចដើមវិញ។ លុះដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ បានឃើញក្រុមការងារគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក ទៀត ចំរើន មន្ត្រីនៃទីចាត់ការអន្តរវិស័យតំណាងឱ្យលោក អ៊ី ធារិន នាយកស្តីទីនៃទីចាត់ការអន្តរវិស័យខេត្តព្រះសីហនុ បានចុះទៅសិក្សាស្រាវជ្រាវ និងអំពីផលប៉ះពាល់ដីធ្លីផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ដើម្បីរាយការណ៍ជូន ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ លទ្ធផលនៃការដោះស្រាយនោះ ហាក់បីដូចជានៅជាប់គាំងនៅឡើយ គឺពុំមានលទ្ធផលអ្វីសោះ ទើបប្រជាពលរដ្ឋរងគ្រោះទាំងអស់ទទូចស្នើសុំឲ្យឯកឧត្តម គួច ចំរើន ដែលទើប និងឡើងកាន់ដំណែងថ្មី ជាអភិបាលខេត្តព្រះសីហនុ មេត្តាជួយពន្លឿននិងដោះស្រាយ ដីធ្លីដែលត្រូវបានក្រុមហ៊ុនឋានសួគ៌ រំលោភយកធ្វើជាកម្មសិទ្ធិរបស់ ក្រុមហ៊ុននោះ ជូនពួកគាត់វិញ។ ប្រភពដដែលបន្តទៀតថា ពួកគាត់សង្ឃឹមថា អាជ្ញាធរខេត្តនឹងដោះស្រាយបញ្ហាបាននាពេលឆាប់ៗនេះ ហើយបើសិនជានៅតែចាប់គាំងទៀតនោះ ពួកគាត់នឹងនាំគ្នាស្វែងរកការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលបន្ថែមទៀត។
នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នេះ ភ្នាក់ងារព័ត៌មានមិនទាន់អាចទាក់ទងសុំការពន្យល់ពីលោកអភិបាលស្រុកព្រៃនប់ ពាក់ព័ន្ធនឹងករណីនេះ បាននៅឡើយទេ៕ដោយ ៖ មនោរាហ៍