មន្ត្រីសុខាភិបាលអំពាវនាវឲ្យពលរដ្ឋចូលរួមកម្ទេចជម្រកមូលខា្ល ជាប្រភពនៃជំងឺគ្រុនឈាម

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បាណកសាស្ត្រ និងប៉ារ៉ាស៊ីតសាស្ត្រ បានអំពាវនាវឲ្យពលរដ្ឋចូលរួមកម្ទេចជម្រកមូសខ្លា ឲ្យអស់ ដើម្បីកុំឲ្យភ្នាក់ងារជំងឺគ្រុនឈាមមួយនេះ អាចចម្លងទៅមនុស្ស ពិសេសកុមារ។ លោកវេជ្ជបណ្ឌិត បានពន្យល់ថា សំបកកង់ ម៉ូតូ គឺជាជម្រកដ៏សំខាន់បំផុតរបស់មូសខ្លា។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានពន្យល់ថា សត្វមូសខ្លាមិនចូលចិត្តនៅកន្លែងទឹកដក់ ដែលមានក្លឹនស្អុយនោះទេ ប៉ុន្តែវាចិត្តកន្លែងទឹកដក់មានល្អ ស្អាត ហើយកង់ ឡាន កង់ម៉ូតូគឺជាជម្រកដ៏ប្រណិតបំផុត ដែលទាក់ទាញមូសខ្លាទៅរស់នៅដល់ទៅ១១ដង ធៀបទៅនឹងកន្លែងដទៃ។ មូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ចូលចិត្តនៅកន្លែងងងឹត កន្លែងទឹកដក់ ព្រៃស៊ុបទ្រុប និងចូលចិត្តខាំចម្លងជំងឺនៅពេលថ្ងៃ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មានតែកំចាត់ជម្រកមូលខ្លា ការអនុវត្តវិធានការលំនៅដ្ឋានគ្មានដង្កូវទឹក និងការពារកុំឲ្យមូល ខ្លាខាំទើបជាវិធីល្អបំផុតក្នុងការទប់ស្កាត់មិនឲ្យកើតជំងឺគ្រុនឈាម។ គ្រុនឈាម ដែលបច្ចុប្បន្នកំពុងផ្ទុះឡើងយ៉ាងគំហុក នឹងបានកើនឡើងដល់ទៅ៥ ដងធៀបទៅនឹងឆ្នាំ២០១៨កន្លងទៅ។

គួរបញ្ជាក់ថា រយៈពេលជិត៦ខែមកនេះ ជំងឺគ្រុនឈាមបានកើនឡើង ៥ដងធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺប្រមាណ ១៣.០០០ករណីនៅទូទាំងប្រទេស ដោយបានសម្លាប់មនុស្សចំនួន២៤នាក់ ភាគច្រើនជាកុមារ ៕