ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានស្នើឱ្យភាគីពាក់ព័ន្ធ ពិសេស អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ត្រូវបន្តសហការគ្នា ឱ្យកាន់តែស្អិតរមួតថែមទៀត ដោយស្នើនូវរាល់ការជីកផ្លូវ កប់បណ្ដាញ ខ្សែកាបអគ្គិសនី តភ្ជាប់ខ្សែកាបអគ្គិសនី ឬបណ្តាញក្រោមដី ត្រូវតែជូនដំណឹង មកសាលារាធានីនូវគ្រប់ដំណាក់កាល ដើម្បីអាជ្ញាធរ ជូនដំណឹង និងសុំការយោគយល់ពីប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ចំពោះក្រុមហ៊ុនដែលទទួលម៉ៅការជួសជួលផ្លូវ ក្រោយពីជីកកាយបណ្តាញក្រោមដីទាំងអស់ ត្រូវតែធ្វើឡើងវិញ ផ្តោតលើគុណភាព ដោយគ្មានលក្ខខណ្ឌ។
ទាក់ទិននិងការងារនេះ ត្រូវបាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំ ជាមួយ តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា អង្គការ ចាយការ និង តំណាងក្រុមហ៊ុនម៉ៅការជួសជុលផ្លូវឡើងវិញ ក្រោយពេលជីកកាយ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ និងមន្រ្តីពាក់ព័ន្ធជុំវិញសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម អភិបាលបញ្ជាក់ថា ដោយមើលឃើញពីការតភ្ជាប់ខ្សែបណ្តាញអគ្គិសនី កន្លងមក មិនមានលក្ខណៈបច្ចេកទេស ធ្លាក់រយីងរយោង ធ្វើឱ្យប៉ះពាល់ សោភណ្ឌភាព ឬ បង្ករបញ្ហាជាយថាហេតុក្នុងរាជធានី ទើបអាជ្ញាធររាជធានីភ្នំពេញ និង EDC ក៏ដូចជាភាគីពាក់ព័ន្ធបានតភ្ជាប់បណ្តាញមួយចំនួននៅក្រោមដីរួចមកហើយ ដោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ សម្រាប់ការជីកតបណ្តាញក្រោមដីនេះ អាជ្ញាធររាជធានី មិនអនុញ្ញាឱ្យជីកកាយលើផ្លូវទាំងឡាយណា ដែលបានជីកដាក់រួចមកហើយនោះទៀតទេ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យអគ្គិសនីកម្ពុជា សហការជាមួយ jica ធ្វើការជីកផ្លូវកប់បណ្ដាញ ខ្សែកាបអគ្គិសនី ដើម្បីតភ្ជាប់ខ្សែកាបអគ្គិសនីពីអនុស្ថានីយអូរបែកក្អម GIS NCCទៅ អនុស្ថានីយ៍GS1 ទួលសង្កែ ដោយឆ្លងកាត់កំណាត់ផ្លូវ ចំនួន២៤ ខ្សែ ។ដូច្នេះទេរដ្ឋបាលរាជធានីភ្នំពេញ សូមប្រជាពលរដ្ឋយោគយល់ និងបង្វៀងចរាចរណ៍ចេញពីកំណាត់ផ្លូវទាំងនេះ ខណៈដែលការដ្ឋានចាប់ផ្តើមដំណើរការ។
បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅប្រជាពលរដ្ឋបញ្ជាក់ថា កំណាត់ផ្លូវចំនួន២៤ខ្សែ រួមមាន៖ អនុស្ថានីយអូរបែកក្អម GIS NCC ផ្លូវលេខ២៦៥ ផ្លូវ ២១៨ ផ្លូវលេខ២៥៣ផ្លូវលេខ ២៣៩ វិថីនេរុហ៍មហាវិថីព្រះសីហនុ ផ្លូវលេខ ១៦៣ ផ្លូវលេខ ២៧៨ ផ្លូវលេខ ៥៧ ផ្លូវលេខ ២៩៤ វិថីសុធារស ផ្លូវខាងជើងជាប់ស្ថានទូតរុស្ស៊ី វិថីឧបាសិកាសំ ប៊ិត ផ្លូវខាងជើងសួនសម្ដេចតេជោហ៊ុនសែន វិថីសុរាម្រិត វិថីឧកញ៉ាស៊ួ ស្រ៊ុន ២៤៤ ផ្លូវលេខ១៩ ផ្លូវលេខ២០២ ផ្លូវលេខ ១៣ ផ្លូវលេខ ៩៤ ផ្លូវរង្វង់មូលវត្តភ្នំ ផ្លូវលេខ៩៣ និងអនុស្ថានីយ៍GS1 ទួលសង្កែ។ ដូចបានបង្ហាញជូនក្នុងឧបសម្ព័ន្ធតម្រាយផ្លូវ និងផែនទីផ្លូវចាប់ពីដើមខែកក្កដា រហូតដល់បំណាច់ខែកក្កដាឆ្នាំ២០១៩៕