កម្ពុជា ស្នើឲ្យអាស៊ាន និង UN ទប់ស្កាត់អំពើហឹង្សាជ្រុលនិយម និងភេរវកម្ម

ក្រុងបាងកក ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអង្គការ-សហប្រជាជាតិលើកទី១០ នាទីក្រុងបាងកក កាលពីរសៀលម្សិលម៉ិញ ដោយស្នើឲ្យអាស៊ាន និងអង្គការសហប្រជាជាតិបន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ តាមរយ:ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំបាច់ ដែលមន្រ្តីអង្គការសហប្រជាជាតិ អាចធ្វើបានជាមួយអាស៊ាន។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានអង្គការ-សហប្រជាជាតិលើកទី១០ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន-អង្គការសហប្រជាជាតិ បានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ២០១៦-២០២០ ក្នុងស្មារតីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។ មេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ បានចាត់ទុកថា អាស៊ាន និងអង្គការសហប្រជាជាតិត្រូវតែបន្ត និងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត រួមទាំងពង្រឹងទំនាក់តំនងរវាងលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើលនូវការអនុវត្ត សកម្មភាពបំពេញបន្ថែមទៅវិញទៅមក ដែលអាចគាំទ្រដល់ការអនុវត្តផែនការកសាងសហគមន៍អាស៊ាន ២០២៥ និងរបៀបវារ:ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អាស៊ាន និងអង្គការសហប្រជាជាតិ គួរខិតខំជំរុញអនុវត្តឲ្យបានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាព នូវផែនការសកម្មភាពស្តីពីបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ២០១៧-២០២០។ ដូចគ្នានឹងសុន្ទរកថារបស់មេដឹកនាំអាស៊ាន អង្គការសហប្រជាជាតិ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជានិងប្រទេសអាស៊ានទាំងអស់ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព ជាមួយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារនានារបស់អង្កការសហប្រជាជាតិ ដើម្បីជំរុញអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ឲ្យបានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់បណ្តាមេដឹកនាំអាស៊ាន អង្គការសហប្រជាជាតិ សម្តេចតេជោ ស្នើអាស៊ាន និងអង្កការសហប្រជាជាតិ បន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ តាមរយ:ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំបាច់ ដែលមន្រ្តីអង្កការសហប្រជាជាតិអាចធ្វើបានជាមួយអាស៊ាន។ មេដឹកនាំអាស៊ាន អង្គការសហប្រជាជាតិ បានឈានទៅចេញផ្សាយនូវសេចក្តីប្រកាសរបស់ប្រធាន កិច្ចប្រជុំកំពូលអាស៊ាន អង្គការសហប្រជាជាតិ លើកទី១០ និងបានធ្វើការកត់សំគាល់ផែនទីចង្អុល សម្រាប់ការបំពេញបន្ថែម២០២០-២០២៥៕