ក្រុងបាងកក ៖ កិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយសាធារណរដ្ឋប្រជាមានិចិន ជប៉ុន សាធារណរដ្ឋកូរ៉េ លើកទី២២ បានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផែក ក្នុងព្រះរាជាណាចក្រថៃ។ អាស៊ាន បូកបី ពេញចិត្តចំពោះទំហំពាណិជ្ជកម្មកើនឡើងយ៉ាងខ្លាំង។ អាស៊ានបូកបី ប្តេជ្ញារួមគ្នាដើម្បីនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញនៅឧបទ្វីបកូរ៉េ។
មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហានានា ដែលទាក់ទិនទៅនឹងវិស័យសុខាភិបាល បញ្ហាជំងឺឆ្លងបម្រែបម្រួលអាកាសធាតុ រួមទាំងបញ្ហាពាក់ព័ន្ធនានា ដែលមេដឹកនាំទាំងអស់ មានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងបទអន្តរាគមន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៏ថា កម្ពុជាកំពុងពន្លឿនក្នុងការបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៃសេដ្ឋកិច្ចតំបន់ដើម្បីបន្តជំរុញគាំទ្រការធ្វើពាណិជ្ជកម្មសេរី ដែលមានសារសំខាន់នៅក្នុងតំបន់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាព សេដ្ឋកិច្ចពិភពលោក។ សម្តេច បានស្នើដល់មេដឹកនាំអាស៊ាន និងប្រទេសបូកបី បង្កើនការយកចិត្តទុកដាក់ លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសតាមរយះការចែករំលែកបទពិសោធន៍ ជំនាញចំណេះដឹង និងសកម្មភាពជួយអភិវឌ្ឍធនធានមនុស្ស ដល់ប្រទេសសមាជិកអាស៊ាន ដែលកំពុងត្រូវការនូវការពង្រឹងសមត្ថភាពលើវិស័យនេះ។
មេដឹកនាំទាំងអស់បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះវឌ្ឍនភាពដែលប្រទេសអាស៊ាន និងប្រទេសបូកបី សំរេចបានក្នុងរយ:ជាង២០ឆ្នាំកន្លងទៅ ពិសេសការកើនឡើង នៃទំហំពាណិជ្ជកម្មរវាងប្រទេសអាស៊ាន ជាមួយនិងប្រទេសបូកបី។ ឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសបូកបី បានកើនឡើងដល់ ៨០៧,៣ ប៊ីលានដុល្លាអាមេរិក ស្មើនិង៣១,៦ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ក្នុងឆ្នាំដដែលនោះដែរ ទុនវិនិយោគផ្ទាល់ពីបរទេស ហូរចូលប្រទេសបូកបីនិងចូលអាស៊ាន ឡើងដល់២៩,៩ ប៊ីលានដុល្លារ ស្មើនិង២១,៨ភាគរយទុនវិនិយោគផ្ទាល់ពីបរទេស របស់អាស៊ាន។
ជាមួយគ្នានេះមេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសបូកបី បានគូសបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងអស់ ចំពោះការអនុវត្តយ៉ាងពេញលេញ នៃសេចក្តីសម្រេចពាក់ព័ន្ធនានា របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកត់សំគាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញនៅឧបទ្វីបកូរ៉េ និងបញ្ជាក់ពី សារ:សំខាន់នៃវេទិកាដែលដឹកនាំដោយអាស៊ាន៕