ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងសមត្ថកិច្ចជំនាញគ្រប់ប្រភេទទ្វេដង សម្រាប់ពិធីបុណ្យជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ រួមមានពិធីបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងថ្ងៃកំណើតកងយុទ្ធពលខេមរភូមិន្ទ ផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ វិច្ឆិកា នេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការត្រៀមកម្លាំងសមត្ថកិច្ច គឺដើម្បីមានវិធានការធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យខាងលើប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ ជាពិសេសប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ ក្នុងការទស្សនាពិធីបុណ្យផងដែរ។
លោក ឃួង ស្រេង បានបន្តឲ្យដឹងថា ទិសដៅសំខាន់មួយទៀត គឺការពាររាជ រដ្ឋាភិបាលស្របច្បាប់ ដែលពួកឧទ្ទាមក្រៅច្បាប់ចង់ផ្តួលរំលំ ហើយដាច់ខាតត្រូវការពារឲ្យបាននូវសប្បាយភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី។
លោកបញ្ជាក់ថា “យើងបានបែងចែកភារកិច្ច និងកំណត់ទិសដៅរួចហើយ ពោលគឺមានអនុគណៈកម្មាធិការចំនួន៥ ដែលបានបែងចែករួច ដើម្បីចាំជួយអន្តរាគមន៍ទាន់ពេលវេលា។
គួរបញ្ជាក់ថា សម្រាប់ពិធីទទួលទានអំបុក នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើនៅរមណីយដ្ឋានវត្តភ្នំ ដោយឡែក សម្រាប់ខណ្ឌ និងមន្ទីរផ្សេងៗទៀត ក៏នឹងត្រូវប្រារព្ធពិធីនេះឡើងដូចគ្នាដែរ ដោយមានការចូលរួមពីប្រជាពលរដ្ឋមិនតិចជាង ១០ម៉ឺននាក់នោះទេ និងរៀបចំឲ្យមានចំនួនប្រមាណជាង៩០០ទីតាំង សម្រាប់ពិធីទទួលទានអំបុក នៅក្នុងរាជធានីភ្នំពេញ៕