កំពង់ចាម ៖ ដើម្បីរិះរកវិធីដោះស្រាយលើបញ្ហាគ្រោះធម្មជាតិ ដែលតែងតែកើតមានឡើងជារើយៗ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរក្រុង អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតដីច្រាំងទន្លេមួយកន្លែង ដែលមានប្រវែងប្រមាណជា១០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលអាចបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់អគារប៉ុស្តិ៍រដ្ឋបាល នេះផងដែរ។
ជាមួយនឹងការចុះពិនិត្យស្ថានភាពនៃការបាក់ស្រុតដីច្រាំងទន្លេ ដោយកត្តាគ្រោះធម្មជាតិនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការចុះធ្វើការសិក្សាស្រាវជ្រាវ ដើម្បីឈានទៅដល់បង្កើតផែនការដោះស្រាយបញ្ហាចំពោះមុខឲ្យទាន់ពេលវេលា ជៀសវាងមានមហន្តរាយធ្ងន់ធ្ងរ ឬមានគ្រោះថ្នាក់ដល់មនុស្ស។
ដោយឡែកនាព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ បានអមដំណើរ ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋ លេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា អញ្ជើញចុះពិនិត្យគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពាន គីហ្សូ ណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីធ្វើការពិនិត្យទីតាំងជាក់ស្តែង សម្រាប់គម្រោងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ ផងដែរ៕ ដោយ ៖ ប៉ែន សុផល