អាជ្ញាធរបង្គាប់ឲ្យម្ចាស់កសិដ្ធានចិញ្ចឹមក្រពើរាប់រយក្បាលនៅស្រុកបាភ្នំ ត្រូវសុំច្បាប់

ខេត្តព្រៃវែង ៖ កសិដ្ធានចិញ្ចឹមសត្វក្រពើមួយកន្លែងអត់មានច្បាប់ និងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ធរស់នៅក្នុងភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងអោយលោកអភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យ និងណែនាំអោយម្ចាស់កសិដ្ធាននោះ ធ្វើកិច្ចសន្យាជាមួយ មន្ត្រីជំនាញ ដើម្បីស្នើសុំលិខិតអាជីវកម្មអនុញាតអោយចិញ្ចឹមក្រពើ និងលិខិតដឹកជញ្ជូនក្រពើ ព្រមទាំងលិខិតផ្សេងៗទៀតស្របតាមបច្ចេកទេសដែលច្បាប់អនុញាត។ការចុះពិនិត្យដល់ទីតាំងកន្លែងជាក់ស្ដែងនោះដែរ អាជ្ញាធរបានឃើញមានសត្វក្រពើរស់ចំនួន៣៨០ក្បាល នៅក្នុងកសិដ្ធាន ចិញ្ចឹមក្រពើដែលមានម្ចាស់ឈ្មោះបាន នាង ភេទស្រីអាយុ ៤៨ ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។

ក្នុងការចុះពិនិត្យកសិដ្ធានចិញ្ចឹមសត្វក្រពើនោះ លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត ក៍បានណែនាំ ដល់ម្ចាស់ទីតាំងកសិដ្ធាន ត្រូវធ្វើកិច្ចសន្យាជាមួយ នឹងមន្ត្រីជំនាញដើម្បីសុំលិខិតអាជីវកម្មអនុញ្ញាត ឲ្យចិញ្ចឹមក្រពើ និងលិខិតដឹកជញ្ជូនក្រពើ និងលិខិតអនុញ្ញាតផ្សេងៗទៀត។

និងត្រូវរៀបចំកន្លែងចិញ្ចឹមក្រពើឲ្យបានត្រូវ ស្របតាមច្បាប់មានស្តង់ដាបច្ចេកទេស ដើម្បីធានា សុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់ភូមិផងរបងជាមួយ។លោក ចាន់ រ៉ាន់ អភិបាល រងខេត្ត ក៏បានឱ្យម្ចាស់ទីតាំងចិញ្ចឹមក្រពើអនុវត្តតាមកិច្ចសន្យា ៤ ចំណុចដូចខាងក្រោម ៖
១-ត្រូវឲ្យម្ចាស់ទីតាំងចិញ្ចឹមសត្វក្រពើធ្វើសំណើស្នើសុំលិខិតអនុញ្ញាតចិញ្ចឹមក្រពើស្របតាមនីតិវិធី និងសុំលិខិតអនុញ្ញាតដឹកជញ្ជូនឱ្យបានត្រឹមត្រូវ។

២-សាងសង់អាងចិញ្ចឹមក្រពើ បន្ថែមទៀត ឲ្យបានត្រឹមត្រូវស្របតាមស្តង់ដារបច្ចេកទេស ឲ្យបាន រួចរាល់ក្នុងរយៈពេល ២៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នេះជាកំហិត ដោយធ្វើរបងបេតុងឥដ្ឋ កម្រាស់ ២០ កម្ពស់ ១,២ម៉ែត្រ និងធ្វើរបងសំណាញ់ដែកតពី ឥដ្ឋឲ្យបាន កម្ពស់ ៤ម៉ែត្រ។

៣-ម្ចាស់ ទីតាំងចិញ្ចឹមក្រពើ ត្រូវធានាបរិស្ថានក្នុងការចិញ្ចឹមក្រពើ និងធានាសុវត្ថិភាព ដល់ការរស់ នៅផ្ទាល់ និងអ្នករស់នៅជុំវិញ។

៤-ម្ចាស់ទីតាំងចិញ្ចឹមក្រពើ បើចង់បន្ថែមក្រពើ និងលក់ក្រពើ ត្រូវផ្ដល់ដំណឹងជូនសមត្ថកិច្ច និង សមត្ថកិច្ចជំនាញពាក់ព័ន្ធជាដាច់ខាត។

លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត ក៏បានណែនាំដល់ម្ចាស់ទីតាំងចិញ្ចឹមក្រពើនោះថា ប្រសិនបើការ ចិញ្ចឹមក្រពើនេះ បង្កឲ្យមានបញ្ហាដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅជិតភូមិផងរបងជាមួយ គឺម្ចាស់ ចិញ្ចឹមក្រពើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ករណីប្រសិនបើពិនិត្យឃើញថា ការចិញ្ចឹមមិនត្រូវ តាមស្តង់ដាបច្ចេកទេសបទដ្ឋានរបស់មន្ទីរជំនាញទេនោះ លោកនឹងបិទទីតាំងចិញ្ចឹមក្រពើនេះតែម្តង៕