សម្តេចតេជោ ៖ ការដោះលែងសកម្មជនអតីតបក្សប្រឆាំងគ្មានសម្ពាធពីអន្តរជាតិទេ

ក្រុងព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការដោះលែងសកម្មជនអតីត គណបក្សសង្គ្រោះជាតិជាង៧០ឲ្យនៅក្រៅឃុំ នោះគឺមិនមែនដោយសារសម្ពាធ ពីអន្តរជាតិនោះ ឡើយ ប៉ុន្តែនោះជាគោលនយោបាយ សន្តោសប្រណី និងបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល ទៅវិញទេ។ សម្តេចព្រមានបន្តចាប់ខ្លួនសកម្មជនទាំងនោះត្រលប់មកវិញ បើនៅតែមានបំណង ប្រព្រឹត្តអំពើក្បត់ជាតិបន្តទៀត។

ពីខេត្តព្រះសីហនុ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រុងចំនួន៣៤ខ្សែ នៅព្រឹកថ្ងៃទី១៦ វិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានដល់សកម្មជន អតីត គណបក្សសង្គ្រោះជាតិ ថាកុំឲ្យព្រហើន ព្រោះរឿងក្តីនៅតុលាការនៅមិនទាន់ចប់នៅឡើយទេ គឺ គ្រាន់តែដោះលែងឲ្យនៅក្រៅឃុំប៉ុណ្ណោះ។ ការដោះលែងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ មិនមែនដោយសារសម្ពាធពីអន្តរជាតិនោះឡើយ ប៉ុន្តែជានយោបាយសណ្តោសប្រណី និងបង្រួប បង្រួមជាតិរបស់សម្តេចតេជោទៅវិញទេ។ ក្រោយការអំពាវនាវរបស់សម្តេចតេជោ មកដល់ពេល នេះ សកម្មជនអតីតគណបក្ស សង្គ្រោះជាតិចំនួន៧២ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបន្តបន្ទាប់ គ្រាដែល ដីការតាមចាប់ខ្លួនរបស់តុលាការរាជធានី-ខេត្តក៏ត្រូវបានដកវិញផងដែរ។

បើតាមសម្តេចតេជោ ចំពោះមនុស្សចំនួន១៨នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធទៅនឹងបទញុះញង់ នឹងមិនត្រូវលើកលែងការចោទប្រកាន់នោះឡើយ ។

ពីស្រុកដងទង់ ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានបន្ធូរបន្ថយស្ថានការណ៍ នយោបាយនៅក្នុងព្រះរាជាណា ចក្រ កម្ពុជា តាមរយៈការអំពាវនាវសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមផែនការក្បត់ ក្នុងការប៉ុនបងផ្ដួលរំលំរាជរដ្ឋាភិបាលជាមួយទណ្ឌិតសម រង្ស៊ីកាលពីថ្ងៃ៩ ខែវិច្ឆិកា ឲ្យវិលត្រឡប់ មកកាន់ប្រទេសកំណើត និងលំនៅដ្ឋានរបស់ខ្លួនវិញ ដោយសម្តេចធានាថា គ្មានការចាប់ខ្លួន ឬ ក៏ទទួល ទោសទណ្ឌអ្វីទាំងអស់៕ ដោយ ៖ ហ៊ុ ធឿន