ខេត្តកំពង់ឆ្នាំង ៖ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងសួរសុខទុក្ខនិងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ប្រមាណ ៥៣៣គ្រួសារ ស្ថិតនៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងព្រះរាជដំណើរតាមព្រះទីនាំងឧទ្ធម្ភាគចក្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានដង្ហែព្រះរាជដំណើរដោយសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំងព្រមទាំងនាម៉ឺនសព្វមុខមន្រ្តី នៃក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករឭក និងគោរពស្រឡាញ់ជាទីបំផុត។
ស្ថិតក្នុងឱកាសស្តេចយាងដល់នៅភូមិឯលិច ឃុំច្រណូក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាន នូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ និងយាងជួបសំណេះសំណាលនិងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន ៥គ្រួសារ ដល់ក្នុងលំនៅឋាន ព្រមទាំងបាន ប្រោសព្រះរាជទានព្រះរាជអំណោយនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕