គ្រោះរញ្ជួយដីកម្រិត៦.១ រ៉ិចទ័រវាយប្រហារព្រំដែនថៃ-ឡាវ

បាងកក ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារតំបន់ព្រំដែនរវាងប្រទេសថៃ និងប្រទេសឡាវនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីចំនួនអ្នកស្លាប់ និងការខូចខាតធ្ងន់ធ្ងរនៅឡើយទេ។ នេះបើតាមសារព័ត៌មាន CNA។

ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា ការរញ្ជួយដីដែលមានកម្លាំង ៦.១ រ៉ិចទ័របានវាយប្រហារនៅជម្រៅ១០គីឡូម៉ែត្រប្រហែល៩២គីឡូម៉ែត្រភាគឦសាននៃស្រុក មួងណាន (Muang Nan) ក្នុងខេត្ត ណាន (Nan) ភាគខាងជើងប្រទេសថៃកាលពីវេលាម៉ោង ០៦៖៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅបាងកក)។

ឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីនោះ បានជះពាសពេញតំបន់ភាគខាងជើងប្រទេសថៃ សូម្បីតែអ្នកដែលស្ថិតក្នុងអគារខ្ពស់ៗនៅឯរាជធានីបាងកក ដែលនៅចម្ងាយរាប់រយគីឡូម៉ែត្រនៅភាគខាងត្បូងប្រទេសឯណោះ ក៏បានទទួលអារម្មណ៍ពីហេតុការណ៍នេះដែរ។

បើតាមអាជ្ញាធរថៃ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែពួកគេនឹងពិនិត្យមើលសំណង់ប្រវត្តិសាស្រ្តនៅក្នុងតំបន់ថា តើមានរងការប៉ះពាល់ដែរ ឬយ៉ាងណា៕