ភ្នំពេញ ៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រមូលចំណូលថវិការដ្ឋសរុបប្រមាណ១៩,១២៥ប៊ីលានរៀល (ប្រមាណជិត៥ពាន់លានដុល្លារ) ស្មើនឹង៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩។ នេះបើយើងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស បានបញ្ជាក់ថា «តាមរយៈរបាយការណ៍បូកសរុប, រហូតមកដល់ត្រីមាសទី៣នេះ គ្រប់ផ្នែកនៃផែនការសកម្មភាពរួមនៃការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបន្តមានវឌ្ឍនភាពល្អ និងវិជ្ជមាន។ ក្នុងរយៈពេល៩ខែនេះ, រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុបប្រមាណ១៩,១២៥ប៊ីលានរៀល ស្មើនឹង៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩»។
ការអនុវត្តផែនការប្រមូលចំណូលប្រចាំត្រីមាសទី៣ បង្ហាញថា ទិន្នផលចំណូលបានពីការប្រមូលដោយពន្ធគយ និងរដ្ឋាករ មានប្រមាណ ៤៩%, ពន្ធដារ មានប្រមាណ ៣២%, ចំណូលមិនមែនសារពើពន្ធ មានប្រមាណ ១២% និងចំណូលផ្សេងៗប្រមាណ ៦%។ រីឯការអនុវត្តចំណាយស្ថិតក្នុងស្ថានភាព ដែលអាចគ្រប់គ្រងបានតាមច្បាប់ជាធរមាន។ សម្រាប់ការអនុវត្តសកម្មភាពនៃការងារកែទម្រង់ ទាំងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ក្របខ័ណ្ឌក្រសួង-ស្ថាប័ន កំពុងបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលត្រូវបានរំពឹងទុកថា អាចសម្រេចបានគោលដៅប្រចាំឆ្នាំ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការប្រមូលចំណូល និងការអនុវត្តចំណាយ នៅបន្តមានសុខភាពល្អធៀបនឹងឆ្នាំមុនៗ និងនៅរក្សាបាននិន្នាការល្អប្រសើរទៅតាមការគ្រោងទុក៕