ឧត្តរមានជ័យ ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចអូរហាសិប ស្ថិតក្នុងភូមិប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលបានអោយមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយសារតែអេស្កាវ៉ាទ័រ កាយដីព្រៃធ្វើចំការ ក៏ប៉ះចំគ្រាប់មីនតោន បណ្តាលអោយផ្ទុះដាច់កង់មួយចំហៀង តែមិនមានគ្រោះថ្នាក់ដល់តៃកុងនោះឡើយ។
តាមរបាយរណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីផ្ទុះមីនតោនខាងលើ បណ្តាលមកពីអេស្កាវាទ័រ មួយគ្រឿង បើកបរដោយឈ្មោះ ទុយ តុលា ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិក្រសាំងថ្មី ឃុំជប់បូរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបើកទៅកាយព្រៃសំអាតដីក្នុងចម្ការ ខណៈកំពុងកាយព្រៃស្រាប់តែបរទៅ កិនចំពីលើមីនតោនបណ្តាលឲ្យផ្ទុះតែម្ដង និងបានបង្កការខូចខាតអេស្កាវ៉ាទ័រ ដាច់ច្រវាក់ផ្នែកខាងឆ្វេង ចំណែកតៃកុងពុំមានរងរបួសនោះឡើយ។
គួរបញ្ជាក់ថា នេះជាករណីលើកទី២ហើយ ដែលមានហេតុការណ៍កើតឡើងផ្ទុះមីនតោន ជាប្រភេទគ្រាប់យុទ្ធភណ្ឌកប់ក្រោមដីនាសម័យសង្គ្រាម ដែលជាប់នៅក្បែរទីតាំងផ្ទុះមីតោនករណីទី១ កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចអូរហាសិប ស្ថិតក្នុងភូមិប្រាសាទក្រហម ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលបណ្តាលអោយគ្រឿងចក្រមួយគ្រឿង ប្រភេទអាប៊ុល រងការខូចខាតផងដែរ៕