ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ពួកគេជាច្រើននាក់បានអះអាងថា ពាក់ព័ន្ធ ជាមួយ នឹង បញ្ហា កំប្លោក ហូរចូល សមុទ្រនិង អណ្ដែត មកទើ នៅតាមមាត់ឆ្នេរអូឈើទាល ឆ្នេរអូរត្រេះ និង ឆ្នេរសុខា នេះ គឺ មានប្រភពចេញមកពី បឹង ដែល មន្ត្រី ជំនាញ បានអះអាងថា ជា បឹងមាន ប្លង់កម្ម សិទ្ធិមួយ កន្លែង នៅ ម្ដុំអូរឈើទាលដែលមាន ទីតាំង ស្ថិត នៅ ក្នុង ភូមិ ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
យោងតាមការ ដកស្រង់ សម្តីពី ប្រជាពលរដ្ឋជាច្រើនរូបបានអះអាងថា ពី មុនមករាល់ពេលមានជំនន់ទឹកភ្លៀង នៅក្នុងតំបន់ឆ្នេរ អូរឈើទាល ពួកគេតែងតែឃើញ ទឹកភ្លៀងទាំង នោះ ហូរចូលបឹងមួយនេះ មានន័យថា ជាបឹង សម្រាប់ រំដោះ ទឹកភ្លៀង ដើម្បី បញ្ចៀសពីការលិចលង់ ដោយជំនន់ទឹកភ្លៀងពេលដែលមានភ្លៀងធ្លាក់ម្ដងៗ។ប៉ុន្តែក្រោយមក ដោយសារ ដីនៅក្នុង តំបន់ នោះឡើង ថ្លៃកប់ពពក បណ្ដាលឱ្យ ឈ្មួញទាំងនោះចាក់ដីលុបបឹង ទប់ ព្រែក នឹង សាងសង់នៅលើ អូរ បឹងធម្មជាតិ មួយនេះក្លាយទៅជាកម្មសិទ្ធិរបស់អ្នកមានលុយនិងមានអំណាច នៅក្នុងខេត្ត ទើបមានការលិចលង់ស្ទើរគ្រប់ទីកន្លែង។
ទាក់ទិន ទៅនឹងបញ្ហា កំប្លោក ហូរចេញ ពីបឹងតើមានទីតាំង ស្ថិតនៅម្ដុំអូរ ឈើទាល ខាងលើនេះដែរ មន្ត្រីជំនាញម្នាក់ ដោយថ្លែងសុំមិនបញ្ចេញឈ្មោះ បានអះអាងឲ្យដឹងថា ដោយសារ តែរយៈពេលប៉ុន្មានថ្ងៃ នេះ នៅក្នុង ខេត្តព្រះសីហនុអាកាសធាតុមានការប្រែប្រួល មានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃកន្លងមក។បណ្ដាល ឲ្យតំបន់ខ្លះ នៃក្រុងព្រះសីហនុ លិចលង់ ទៅដោយជំនន់ទឹកភ្លៀងទើបមានទឹកភ្លៀងហូរចូលបឹង ធ្វើអោយមានការ ជន់លិចបឹង ផ្លូវ និងផ្ទះ ប្រជាពលរដ្ឋ នេះហើយ បានជាមន្ត្រីជំនាញកាយ ប្រឡាយ រំដោះទឹកជំនន់ ចេញពី បឹងដើម្បីឲ្យហូរចូលទៅក្នុងសមុទ្រ ហេតុនេះហើយទើបឃើញមានកំប្លោកសំរាមកម្ទេចកណទាជាច្រើនហូររសាត់មកតាមទឹកហើយក៏ចាក់ទៅ ក្នុង សមុទ្រ។នៅពេលដែលមាន រលកបក់បោកមកខ្ទប់នឹង ច្រាំងឆ្នេរទើប នាំកំប្លោកកម្ទេចកម្ទី និង សំរាម ទាំងអស់មកទើរ នៅ លើមាត់ឆ្នេរ ចាប់ពី ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និង ឆ្នេរសុខា ប៉ុន្តែ សំរាម និង កំប្លោកទាំងនោះ មិនមានច្រើន ប៉ុន្មាន នោះទេ ហើយបច្ចុប្បន្ន សំរាម ដែលហូរទៅ នៅតាមមាត់ ឆ្នេរត្រូវបាន
ក្រុមហ៊ុនប្រមូលសំរាម KSWMក្រុងព្រះសីហនុដឹកនាំកម្មករនិងមន្ត្រីជំនាញផ្នែកបរិស្ថាននាំគ្នាចុះទៅរើសនិង ប្រមូលញ្ជូនដាក់រថយន្តដើម្បីយកដឹកទៅចាក់ចោលនៅក្នុងទីតាំងដាក់សំរាមនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថាកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ ឆ្នេរសមុទ្រនៅក្នុងខេត្តព្រះសីហនុធ្លាប់មានកំប្លោកហូរនាំយកមកពីប្រទេសវៀតណាមមកចូលទៅក្នុងសមុទ្រហើយសំរាមកំប្លោកទាំងនោះត្រូវបាន រកបក់រសាត់មកទើរនៅលើតំបន់ឆ្នេរនានានៅក្នុងខេត្តព្រះសីហនុ
ដែលកន្លងមករដ្ឋបាលខេត្តមួយនេះធ្លាប់ បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃ ទី១១ ខែតុលា ឆ្នាំ ២០១៨ ជំរាប ជូន សាធារណៈ ជន និង អ្នកសារព័ត៌មាន ថា ចាប់តាំងពី ថ្ងៃ ទី ៩ រហូតមកដល់ ថ្ងៃ ទី ១១ ខែតុលា ឆ្នាំ ២០១៨ នេះ មាន កំប្លោក ដែល មាន ប្រភព ពី សមុទ្រ ប្រទេសជិតខាង បាន ហូរ អណ្តែត រសាត់ លើ ផ្ទៃសមុទ្រ និង បាន មក ទើរ នៅលើ ឆ្នេរសមុទ្រ ក្នុង ខេត្ត ព្រះសីហនុ ។
បញ្ហា នេះ ក្រុមការងារ រដ្ឋបាល ខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល ក្រុង មន្ទីរ អង្គភាព ពាក់ព័ន្ធ កំពុង ចុះ សំអាត តាម បណ្តោយ ឆ្នេរ ក្នុង ក្រុង ព្រះសីហនុ ។
សេចក្តីប្រកាស ព័ត៌មាន កាលណោះ ក៏ ធ្លាប់ បានបញ្ជាក់ប្រាប់ដល់សាធារណៈជនទាំជនទាំងអស់ សូម កុំ មាន ការព្រួយបារម្ភ ព្រោះ បញ្ហា នេះ មិនបាន ធ្វើឲ្យ ខូច គុណភាព ទឹក សមុទ្រ ឬ ឆ្នេរ ខ្សាច់ នោះទេ គ្រាន់តែ ធ្វើឲ្យ បាត់បង់ សោភ័ណភាព ឆ្នេរ មួយ រយៈពេល ខ្លី តែប៉ុណ្ណោះ ។ ហើយ ថា ក្រោយ ពី ការសម្អាត រួចរាល់ ឆ្នេរ ខ្សាច់ នឹង មក សភា ស្រស់ ស្អាត ដូចដើម វិញ ជាក់ ជាមិនខាន ។
ផ្តើម ពី បញ្ហា នេះ រដ្ឋបាល ខេត្ត ព្រះសីហនុ បញ្ជាក់ថា ដើម្បី ពន្លឿន ការងារ សម្អាត កំប្លោក ឬ កាកសំណល់ សំរាម នៅតាម ឆ្នេរ នានា ឲ្យ មាន សោភ័ណភាព ដូច ដើម បាន ឆាប់ គឺ រដ្ឋបាល ខេត្ត បាន អំពាវនាវ ដល់ បងប្អូន អាជីវករ ដែល កំពុង ប្រកប អាជីវកម្ម តាម ឆ្នេរសមុទ្រ ឲ្យចូល រួម សម្អាត ឆ្នេរ ដែល មាន កំប្លោក នៅមុខ ទីតាំង បើក ធ្វើ អាជីវកម្ម រៀងៗ ខ្លួន ឲ្យបាន ស្អាត ល្អ ឡើង វិញ ៕ ដោយ ៖ មនោរាហ៍