ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់ កម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលជំនួយពីអង្គការ អាប៉ូប៉ូ ប្រចាំនៅកម្ពុជា ប្រមាណ 30 ម៉ឺនដុល្លារសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំ ដើម្បីអនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតរកមីន ក្នុងប្រតិបត្តិការបោសសម្អាតមីន។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះត្រូវបានធ្វើឡើង នៅទីបញ្ជាការស៊ីម៉ាក់ ដោយមានវត្តមាន លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំកម្ពុជា។ គម្រោងសមាហរណកម្មកណ្តុរហិតរកមីន រួមជាមួយការបោសសម្អាតមីនរបស់ស៊ីម៉ាក់ នឹងអនុវត្តរយៈពេលមួយឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ។ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា តាមរយៈ ជំនួយនេះ អង្គភាពស៊ីម៉ាក់នឹងធ្វើការពង្រាយកំលាំងអ្នកដោះមីន សុនខ និងសត្វកណ្តុរដោះមីន ដែលមានផែនការរំដោះផ្ទៃដីចំការមីនជិត៣០០ហិចតា នៅខេត្តព្រះវិហារ និងខេត្តសៀមរាប លោក អគ្គនាយកស៊ីម៉ាក់ នាពេលកន្លង ទៅធ្លាប់បានបញ្ជាក់ថា ការយកសត្វកណ្ដុរជាច្រើនក្បាលពីទ្វីបអាហ្វ្រិក ដើម្បីមកធ្វើការសាកល្បងឲ្យជួយបោសសម្អាតគ្រាប់មីនក្រោមដីឲ្យបានឆាប់រហ័ស ។ សត្វកណ្ដុរអាប៉ូប៉ូ បានជួយបោសសម្អាតមីនដែលកប់នៅក្រោមដី មានប្រសិទ្ធភាពច្បាស់លាស់ជាងការប្រើឧបករណ៍រាវរកមីនទៅទៀត និងប្រសិទ្ធភាពបីដង។
គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) សហការជាមួយអង្គការអន្តរជាតិ ហើយបានយកសត្វកណ្ដុរម្យ៉ាងឈ្មោះ អាប៉ូប៉ូ (Apopo) ពីប្រទេសតង់ហ៊្សានី (Tanzania) នៃទ្វីបអាហ្វ្រិក ដើម្បីប្រតិបត្តិការ បោសសំអាតមីន។ កម្ពុជាជាប្រទេសដំបូងគេ ដែលនាំយកសត្វកណ្ដុរអាប៉ូប៉ូ (Apopo) ពីទ្វីបអាហ្វ្រិក ឲ្យជួយធ្វើការបោសសម្អាតគ្រាប់មីនមុនគេនៅក្នុងតំបន់អាស៊ី។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បញ្ជាក់ថា កម្ពុជានៅសល់ផ្ទៃដីដែលមានគ្រាប់មីនប្រមាណ៨០០គីឡូម៉ែត្រក្រឡាទៀត ដែលមិនទាន់ធ្វើការបោសសំអាត។ តាមផែនការយុទ្ធសាស្ត្រជាតិរបស់ខ្លួន កម្ពុជាមានមហិច្ចតា រំដោះផ្ទៃដីដែលមានមីនឲ្យអស់នៅត្រឹមឆ្នាំ២០២៥ ស្របទៅតាមអនុសញ្ញាអូតាវ៉ា ដែលបានកំណត់ទុក៕