នាយករដ្ឋមន្ត្រី ព្រមានបញ្ចប់កាងារទាំងស្រុងចំពោះថ្នាក់ដឹកនាំដែលពូកែរាយការណ៍ និងបន្ទោសថ្នាក់ក្រោម

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅមន្ត្រីមួយចំនួនកុំឲ្យចេះតែពូកែរាយការណ៍ និងបន្ទោសថ្នាក់ក្រោម ដោយគ្មានភាពម្ចាស់ការ ប៉ុន្តែត្រូវប្រឹងប្រែងដោះស្រាយនៅនឹងកន្លែងឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ចំពោះមន្ត្រីដែលពូកែតែរាយការណ៏ និងបន្ទោសថ្នាក់ក្រោម នឹងត្រូវដាក់ចូលឃ្លាំង មិនអាចឱ្យកាន់ការងារឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជំរុញឲ្យមន្ត្រីថ្នាក់ជាតិ និងថ្នាក់ខេត្តខិតខំដោះស្រាយបញ្ហាបន្ទាន់នៅនឹងកន្លែង ឲ្យ មានប្រសិទ្ធភាព កុំចាំតែរាយការណ៏មកថ្នាក់លើ ដោយមិនបានប្រឹងប្រែងដោះស្រាយឲ្យអស់លទ្ធភាព។ សម្តេចតេជោ បានបញ្ជាក់ថា បទពិសោធន៏នៃករណីរលំអគារនៅខេត្តព្រះសីហនុ អាជ្ញាធរខេត្តបានធ្វើការងារយ៉ាងល្អ ក្នុង ការដោះស្រាយបញ្ហានៅចំពោះមុខភ្លាមៗ ប៉ុន្តែបែរជាមន្ត្រីថ្នាក់ជាតិរាយការណ៏មិនត្រឹមត្រូវទៅវិញ។ សម្តេចតេជោ បានឲ្យដឹងថា មន្រ្តីថ្នាក់ដឹកនាំមូលដ្ឋានមានពីរប្រភេទ ១ប្រភេទគឺមន្ត្រីពូកែតែរាយការណ៍ និងបន្ទោសកូនចៅ និងមួយប្រភេទទៀត គឺជាមន្រ្តីដែលមានភាពម្ចាស់ការ ដោះស្រាយបញ្ហានៅនឹងក្លែង ទោះបីជាមិនទាន់មានអន្តរាគមន៍ពីថ្នាក់លើក៏ដោយ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការអន្តរាគមន៍ពីថ្នាក់ជាតិ នៅឆ្ងាយណាស់ ដូច្នោះមានតែមន្ត្រីថ្នាក់មូលដ្ឋាន ថ្នាក់មូលដ្ឋានទទួលបន្ទុក ទទួលខុសត្រូវក្នុងការធ្វើគឺជារឿងចាំបាច់បំផុត។ នោះហើយជាហេតុផលដែលរាជរដ្ឋាភិបាល ខិតខំក្នុងការផ្ទេរមុខងារ ភារកិច្ចទៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការដោះស្រាយទាន់ពេលវេលា៕