សមយុទ្ធហ្វឹកហាត់សង្គ្រោះអ្នកដំណើរក្នុងឧបទ្ទវហេតុធ្លាក់យន្ដហោះ

ខេត្តសៀមរាប ៖ លំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរៀបចំឡើងដោយអាកាសចរស៊ីវិល សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងកងកម្លាំងចម្រុះ នាព្រឹកថ្ងៃទី១៨ធ្នូនេះ បានលើកឡើងពី ករណីយន្ដហោះដឹកអ្នកដំណើរ មួយគ្រឿងជួបឧបទ្ទវហេតុ បន្ទាប់ពីបានចុះដល់ដីនៅអាកាសយានដ្ឋានអន្ដរជាតិខេត្តសៀមរាប ដោយត្រូវមានកិច្ចអន្តរាគមន៍ភ្លាមៗពីក្រុមអ្នកជួយសង្គ្រោះក្នុងករណីដែលយន្ត ហោះត្រូវបានឆាបឆេះនៅពេលចុះដល់ដីនោះ។

ក្នុងសមយុទ្ធនេះ លោក ឡាំ អេងហ៊ួត អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ តំណាងឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់ថា នេះជាការរៀបចំលំហាត់សមយុទ្ធ ទ្រង់ទ្រាយធំមួយសម្រាប់ការគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ ដោយធ្វើការហ្វឹកហាត់សាកល្បង និងផ្តល់ បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះ ឱ្យបានទាន់ពេល វេលានៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះដែលអាចកើតមានឡើងជាយថាហេតុ។

លោក ឡាំ អេងហ៊ួត ថ្លែងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការ របស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយ ស្ថាប័ន ក្រសួងពាក់ព័ន្ធនានា។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការយ៉ាងជិតស្និទ្ធក្នុងនាម ជាដៃគូសហការជាមួយ កាកបាទក្រហមកម្ពុជា ពីថ្នាក់ជាតិដល់សហគមន៍ ភ្នាក់ងារសហប្រជាជាតិ ដៃគូ អភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយគ្រោះមហន្តរាយ និងរួមចំណែកក្នុង ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕