កម្ពុជាចង់បង្កើតការងារ និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច តាមរយៈការវិនិយោគពីអាមេរិក

ភ្នំពេញ ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានដឹកនាំដោយលោក Alexander Feldman និងលោក Michael W. Wichalak មានប្រសាសន៍ថា កម្ពុជាចង់បានការវិនិយោគច្រើនថែមទៀតពីអាមេរិក ដើម្បីជួយធ្វើ ពិពិធកម្មបង្កើតការងារ និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចកម្ពុជា ខណៈលោក Alexander Feldman មាន ប្រសាសន៍ថា ដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជានាពេលនេះ មានការចូលរួមពីក្រុមហ៊ុនធំៗ អាមេរិកចំនួន ១៥ និងមានគោលបំណងស្វែងយល់នូវឱកាសវិនិយោគ ក៏ដូចជាដើម្បីធ្វើការពិភាក្សាលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹង ការវិនិយោគ និងធុរកិច្ចរបស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជា។

លោក វង្សី វិស្សុត បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ានទាំងអស់ ហើយថាឯកឧត្តមមានសេចក្តីសោមនស្សរីករាយ ក្នុងការពិភាក្សាលើបញ្ហានានា ដែលជាសំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនអាមេរិកដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បី ទាក់ទាញការវិនិយោគថ្មីពីអាមរិកបន្ថែមទៀត ក្នុងគោលដៅពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឱ្យដល់កម្រិតមួយថ្មីទៀត ដើម្បីផលប្រយោជន៍ទាំងសងខាងក្នុងរយៈពេលវែង។ ឯកឧត្តម បាន គូសបញ្ជាក់ថា កម្ពុជាចង់បានការវិនិយោគបន្ថែមកាន់តែច្រើនពីអាមេរិក ដើម្បីធ្វើពិពិធកម្ម, បង្កើតការងារ និងបង្កើនតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីតភ្ជាប់កម្ពុជាទៅកាន់ខ្សែសង្វាក់ផលិតកម្មនៅតំបន់ និងពិភពលោក ជាពិសេសការផ្ទេរនូវចំណេះដឹង, បច្ចេកវិទ្យា, នានុវត្តន៍ និងសហគ្រិនភាពជាដើម។

លោកបានបន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាបាន និងកំពុងបន្តរីកចំរើនទៅមុខយ៉ាងលឿន។ ក៏ប៉ុន្តែ និន្នាការ និងភាពមិនប្រាកដប្រជាមួយចំនួនក្នុងពិភពលោក និងតំបន់បាននាំមកនូវទាំងកាលានុវត្តភាព ទាំង ហានិភ័យនិងបញ្ហាប្រឈមមកជាមួយគ្នាផងដែរ៕