ខេត្តព្រះសីហនុ ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ ថា នឹង កំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ខខាងមុខនេះ បើកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្ត ដើម្បីសម្អាតក្រុងព្រះសីហនុឱ្យមានសោភ័ណភាពស្អាត អនាម័យ និងបរិស្ថានស្អាត ប្រជាពរដ្ឋរស់នៅក្នុងផាសុកភាព និងជាទីទាក់ទាញភ្ញៀវទេសចរ។
ឯកឧត្តម គួច ចំរើន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី៩ ខែកក្កដា នេះថា ក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់កាលពីព្រឹកមិញនៅសាលាក្រុងព្រះសីហនុ យើងបានកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ បើកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ។
ឯកឧត្តមបាកបញ្ជាក់បន្ថែមថា «នេះគឺជាយុទ្ធនាការសម្អាតក្រុង ព្រះសីហនុឱ្យមានសោភ័ណភាពស្អាត អនាម័យនិងបរិស្ថានស្អាត ប្រជាពរដ្ឋរស់នៅក្នុងផាសុកភាព និងជាទីទាក់ទាញភ្ញៀវទេសចរ»។ ទន្ទឹមនោះឯកឧត្តម អភិបាលខេត្តក៏ស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួម សម្អាត អនាម័យបរិស្ថាន វេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវតាមប្រភេទសំរាម។
នៅ ក្នុង ក្រុងព្រះសីហនុ សំរាមដែលត្រូវបានបង្កើតឡើងប្រចាំថ្ងៃមានប្រមាណ៧០០តោន។ ចំនួននេះមានការកើនឡើងដោយសារតែប្រជាពលរដ្ឋ និង វិនិយោគិន ចូលមកធ្វើការ វិនិយោគ កាន់តែ ច្រើននិងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋលើការវេចខ្ចប់កាកសំណង់ឲ្យបានត្រឹមត្រូវដើម្បីក្រុមហ៊ុនងាយស្រួល ក្នុងការដើរ ប្រមូល ដឹក យកទៅដាក់នៅទីលានចាក់សំរាម នៅក្នុងស្រុកព្រៃនប់៕