ភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាជាមួយ ឯ.ឧ ឧត្តមសេនីយ៍ទោ Goh Sihou មេបញ្ជាការកងទ័ពជើងគោកសាធារណរដ្ឋសិង្ហបុរី នៅវិមានសន្តិភាពនារសៀលថ្ងៃទី២១ ខែមករានេះ។ មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងគោកកម្ពុជា។
ឧត្តមសេនីយ៍ទោ Goh Sihou បានបង្ហាញក្តីរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងកងទ័ពទាំងពីរ។ ឯកឧត្តម រួមជាមួយ នឹងឯកឧត្តម ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរដើម្បីផលប្រយោជន៍ប្រទេសទាំងពីរផលប្រយោជន៍ប្រទេសនីមួយរួមទាំងផលប្រយោជន៍អាស៊ានផងដែរ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា កន្លងមកកងទ័ពទាំងពីរ មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អ ភាគីទាំងពីរ នឹងបន្តនូវទំនៀមទម្លាប់កិច្ចសហប្រតិបត្តិការល្អនេះជាបន្តទៀត។
សម្តេចតេជោ បញ្ជាក់ថា កងទ័ពទាំងពីរចាំបាច់ត្រូវចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ក៏ដូចជាការហ្វឹកហាត់រួមគ្នាជាដើម។ នៅពេលនេះពិភពលោកមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់។ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរពិតជាមានសារៈសំខាន់។ សម្ដេចតេជោ បន្តថានយោបាយរបស់កម្ពុជា គឺប្រជាជនគឺជាខឿនការពារជាតិកម្ពុជា កងទ័ពមានតួនាទីសំខាន់ក្នុងការការពារជាតិ ក៏ប៉ុន្តែក្រៅពីនេះកងទ័ពកម្ពុជាក៏មានតួនាទីចូលរួមក្នុងការជួយបង្កបង្កើនផល ចូលរួមជួយសង្គ្រោះប្រជាជននៅពេលដែលមានគ្រោះអន្តរាយ និងចូលរួមការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្ដេចតេជោ ពុំមានការជឿជាក់ថាការប្រើកម្លាំងឱ្យដោះស្រាយបញ្ហានោះបានទេផ្ទុយទៅវិញការចរចាកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍទេដែលដោះស្រាយរាល់បញ្ហាទាំងឡាយ។ កម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំប្រទល់កម្ពុជា ជាមួយនឹងប្រទេសជិតខាង ក្លាយជាព្រំប្រទល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពិសេស ការកែប្រែតំបន់ដែលធ្លាប់ជាអតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់ទីផ្សារនិងការអភិវឌ្ឍន៍៕